ល្អាងភ្នំព្រះឥន្ទលក់លត ដែលមានទីតាំងស្ថិតក្នុងភូមិស្រះពីរតាឈាន ក្នុងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាល្អាងភ្នំដែលកើតឡើងពីធម្មជាតិ(បេតិកភណ្ឌវប្បធម៌ធម្មជាតិពិតៗ) ដោយមិនមានស្លាកស្នាមអ្វីបន្សល់ទុកនៅក្នុងល្អាងនោះទេ។ ល្អាងភ្នំមានសភាពធំទូលាយ អាចដាក់មនុស្សបានចន្លោះចាប់ពី៥០ ទៅ ១០០នាក់។ ល្អាងភ្នំព្រះឥន្ទលក់លត មានភាពស្រស់ស្អាត ទាំងផ្នែកខាងក្នុងល្អាងភ្នំ និងទេសភាពនៅជុំវិញភ្នំផងដែរ។
លោក អ៊ី លីឈុន អនុប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តប៉ៃលិន បានដឹងនាំក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ចុះសិក្សាស្រាវជ្រាវពីល្អាងភ្នំព្រះឥន្ទលក់លតនេះ និងបានសន្និដ្ឋានថា៖ ល្អាងភ្នំព្រះឥន្ទលក់លត មិនមានជាប់ទាក់ទងនឹងប្រវត្តិសាស្រ្តបុរាណអ្វីឡើយ។ ល្អាងភ្នំព្រះឥន្ទលក់លតនេះ ជាអំណោយផលធម្មជាតិដល់ការបង្កើតជាតំបន់ទេសចរ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្ត៕