ខេត្តសៀមរាប ៖ បើតាមមន្ត្រីរដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា ចំការមេពូជឈើគ្រញូងនៅក្នុងស្រុកបន្ទាយស្រី ក្រៅពីដើមឈើគ្រញូងធំៗ នៅមានផ្កាព្រៃដ៏ស្រស់ស្អាត និងមានសត្វព្រៃជាច្រើនប្រភេទ សម្រាប់មនុស្សចូលចិត្តទស្សនាព្រៃធម្មជាតិ។
លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ និងជាអ្នកទទួលខុសត្រូវការពារតំបន់ចម្ការព្រៃមេពូជឈើគ្រញូង បានឱ្យដឹងថា ចម្ការព្រៃមេពូជឈើគ្រញូងដែលមានទំហំ ១.៨៨៨ហិកតា មានទីតាំងស្ថិតនៅក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបច្ចុប្បន្ននេះ បានក្លាយទៅជាតំបន់លំហែកាយធម្មជាតិ ព្រោះនៅទីនេះមានធនធានដ៏សម្បូរបែបដូចជា ៖
មានសត្វព្រៃជាច្រើនប្រភេទ ដើមឈើគ្រញូងធំៗ និងផ្កាព្រៃជាច្រើនប្រភេទ រីកទៅតាមរដូវកាល ដែលមានភាពបៃតងស្រស់ស្អាត ខ្យល់បរិសុទ្ធ ដែលឥឡូវនេះ នៅក្នុងចម្ការមេពូជឈើគ្រញូង កំពុងតែមានផ្កាព្រៃជាច្រើនរីកស្គុះស្គាយ ដូចជាផ្កាទឹក ដោះ ផ្កាចកអណ្តើក និងផ្កាព្រៃជាច្រើនទៀត ដែលមិនទាន់ស្គាល់ឈ្មោះ និងអាចទស្សនា សត្វព្រៃ ជាពិសេសអាចប្រលែងលេងជាមួយហ្វូងមេអំបៅបានទៀតផង ។
លោក សេង លន បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ លោកកំពុងតែរៀបចំវង្វង់ទស្សនាធនធានធម្មជាតិដ៏សម្បូបែបនៅក្នុងតំបន់នេះ ដូចជាវង្វង់ទស្សនាសម្រាប់អ្នកជិះរថយន្ត សម្រាប់អ្នកជិះកង់ និងសម្រាប់អ្នកដើរថ្មើជើង ដោយអ្នកដែលមកកម្សាន្តនៅក្នុងចម្ការមេពូជឈើគ្រញូងនេះ អាចយកអាហារផ្ទាល់ខ្លួនមកបរិភោគក្រោមម្លប់ឈើដ៏ត្រជាក់ក្នុងព្រៃនេះបានផងដែរ ។
លោក សេង លន បញ្ជាក់បន្ថែមទៀតថា ក្រៅពីនេះ បងប្អូនប្រជាពលរដ្ឋដែលមកកម្សាន្តនៅតំបន់នេះ ដែលមានបំណងចង់ចូលរួមការពារព្រៃឈើ អាចចូលរួមដាំកូនឈើជាលក្ខណៈគ្រួសារក៏បាន ជាក្រុមក៏បានដែរ ដែលឥឡូវនេះនៅទីនេះមានកូនឈើគ្រញូង និងឈើប្រណីតមួយចំនួន ត្រូវបានភ្ញៀវទេសចរ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដាំនៅក្នុងចម្ការពូជមានចំនួន៥ហិកតាហើយ និងមានដើមឈើខ្លះបានធំៗស្អាត ដែលអាចឱ្យភ្ញៀវទេសចរមកទស្សនាប្រភេទឈើប្រណីតៗនេះបាន ព្រោះថា ប្រភេទឈើប្រណីតៗបែបនេះ នៅតំបន់ផ្សេងមិនសូវមានច្រើនដូចនៅទីនេះទេ ៕