ប៉ៃលិន៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានដឹកនាំមន្ទីរជំនាញអង្គភាពជុំវិញខេត្ត ធ្វើការរៀបចំសួនដាំផ្កាចម្រុះពណ៌ នៅតំបន់ ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដើម្បីលើកកម្ពស់សោភណ្ឌភាព ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានកំពុងធ្វើការស្ថាបនាផ្លូវឡើងទៅកាន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដោយចាក់បេតុងអាមេ ប្រវែងជាង ២ពាន់ម៉ែត្រ ព្រមទាំងកែរលម្អសោភ័ណភាពបន្ថែម ធ្វើសួនច្បារ ដាំផ្កាភ្ញីចម្រុះពណ៌ និងធ្វើកញ្ចុះសម្រាប់សម្រាកសម្ហែ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកំសាន្ត នាពេលបញ្ចប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងបើកប្រទេសឡើងវិញ ។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ជាក់ស្តែងនៅថ្ងៃនេះ ឯកឧត្តមបានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពជំនាញជុំវិញខេត្ត ធ្វើការរៀបចំសួនដាំផ្កាចម្រុះពណ៌ នៅតំបន់ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ក្នុងគោលបំណងចង់ឱ្យមន្ត្រីរាជការ បង្ហាញពីចូលរួមចំណែកក្នុងការងារសង្គម និងការស្រលាញ់បរិស្ថានធម្មជាតិ ដែលជាគម្រូដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងទី២ គឺដើម្បីបង្កើនសាមគ្គីភាព ឯកភាព ប្រកបដោយភាពស្និតស្នាល និងការទទួលខុសត្រូវខ្ពស់។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ហុក សុផល ក៍បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការអប់រំណែនាំ និងសហការជាមួយប្រជាពលរដ្ឋឲ្យចូលរួមលើការងារថែរក្សាអនាម័យបរិស្ថាន ដោយត្រូវរួមគ្នាសំអាតនៅមុខផ្ទះ និងម្ចាស់ទីតាំងអាជីវកម្មរបស់ខ្លួនឲ្យបានជាប្រចាំជាពិសេស អាជីករលក់ដូរនៅតាមទីសាធារណៈ តាមសួនច្បារ និងតាមរម្មណីដ្ឋានទេសចរណ៍នានាក្នុងខេត្ត ត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត គឺមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ ទើបយើងអាចសម្អាតអនាម័យបរិស្ថាន និងមានសោភ័ណភាពបានល្អ។
សូមបញ្ជាក់ថា៖ បច្ចុប្បន្ននេះ ផ្លូវគមនាគមន៍ទៅកាន់រមណីដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ គឺមានផ្លូវក្រាលកៅស៊ូ ១ខ្សែរស្ថាបនារួចរាល់ ១០០% ប្រភេទ DBST មានទទឹង ២០ម៉ែត្រ ប្រវែងជាង ៥គីឡូម៉ែត្រ ចាប់ពីចំនុចផ្លូវជាតិលេខ ៥៧ រហូតដល់កុងត្រូលច្រកចូលរម្មណីយដ្ឋាន និងផ្លូវបេតុងអាមេ ១ខ្សែរ មានទទឹង ៨ម៉ែត្រ ប្រវែង ២គីឡូម៉ែត្រ ដែលកំពុងស្ថាបនា បន្តពីផ្លូវក្រាលកៅស៊ូ រហូតដល់រម្មណីយដ្ឋានតែម្តង ដើម្បីផ្តល់សេវាឱ្យកាន់តែងាយស្រួល ក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិ+អន្តរជាតិ ដែលជាកត្តាជួយជំរុញកំណើនភ្ញៀវទេសចរណ៍មកកំសាន្តក្នុងខេត្តប៉ៃលិន៕