ខេត្តសៀមរាប៖ កាលពីអំឡុងនាឆ្នាំ២០០៧ បារាយណ៍ជ័យតាដាក ហៅ បារាយណ៍ខាងជើង ត្រូវបានអាជ្ញាធរជាតិអប្សរា លើកតម្លៃ និងបន្តតួនាទីដើមរបស់ខ្លួនឡើងវិញ តាមរយៈការជួស ជុលប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញ ហើយអាងទឹកទាំងប្រាំនៃប្រាសាទនាគព័ន្ធ អាចរក្សាទឹកបានខួបប្រាំងខួបវស្សា។ កិច្ចការនេះ ត្រូវបានចាប់ផ្តើម បន្ទាប់ពីអ្នកជំនាញទឹកនៃអាជ្ញាធរជាតិអប្សរា បានរកឃើញប្រព័ន្ធបង្ហូរទឹកបុរាណ កាលពីឆ្នាំ២០០៥។
ការនេះ ធ្វើឱ្យបារាយណ៍មានទេសភាព នាដើមរដូវវស្សា ដែលភ្លៀងចាប់ផ្តើមធ្លាក់មក រុក្ខជាតិជុំវិញ ចាប់ផ្តើមបញ្ចេញពណ៌ បៃតងខៀវខ្ចី ដ៏ស្រស់បំព្រង គួរជាទីគយគន់ ដែលអាចអន្ទងអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលបានទៅទស្សនាប្រាសាទនាគព័ន្ធ។
គួររំឭកថា បារាយណ៍ជ័យតាដាក បារាយណ៍ខាងជើង ស្ថាបនាឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ អស់រយៈកាលជិតមួយពាន់ឆ្នាំមកហើយ និងមានបណ្តោយ ៣៦០០ម ទទឹង ៩៣០ម។ បច្ចុប្បន្ន បារាយណ៍នេះ កំពុងដើរតួយ៉ាងសំខាន់ ដើម្បីទ្រទ្រង់កិច្ចការអភិរក្សក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ៕