មានមូលហេតុជាច្រើនជម្រុញឲ្យយើងកើតជំងឺមហារីកក្រពះ ក្នុងនោះចំណីអាហារដើរតួនាទីឈានមុខគេ។ លោកវេជជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែត អះអាងថា ការសិក្សាវិទ្យាសាស្ត្ររកឃើញថាមានសាច់ដែលខ្លោចៗខ្លះដូចជា ត្រីងៀត ត្រីឆ្អើរ ជាដើមនោះ មានផ្ទុកសារធាតុគីមីម្យ៉ាង ឈ្មោះនីត្រូហ្សាមីន ញ៉ាំទៅអាចកើតជំងឺមហារីកក្រពះ។
«ត្រីងៀតយកត្រីប្រឡាក់អំបិលហាលថ្ងៃ រួចយកទៅដុតទៅអាំង ហើយបានយកមកញ៉ាំប្រជាជនកម្ពុជាយើងចូលចិត្តញ៉ាំណាស់ ប៉ុន្តែយើងអត់ដឹងថា អាហ្នឹងមានអីទេ អ្នកវិទ្យាសាស្រ្តរកឃើញថា នៅក្នុងសាច់ត្រីងៀត និងត្រីឆ្អើរ មានសារធាតុម្យ៉ាងឈ្មោះ នីត្រូហ្សាមីន ដែលជាតិនីត្រូហ្សាមីន កាលណាយើងញ៉ាំចូលក្នុងក្រពះយើង ធ្វើឲ្យយើងកើតជំងឺមហារីកក្រពះ»។
ទោះយ៉ាងណាលោកវេជ្ជបណ្ឌិតថា មិនមែនអ្នកពិសារត្រីងៀតទាំងអស់សុទ្ធតែឲ្យកើតជំងឺមហារីកក្រពះនោះទេ ប៉ុន្តែគេថាសារធាតុនីត្រូហ្សាមីននៅក្នុងត្រីងៀត ត្រីឆ្អើរ អាចជួយជម្រុញឲ្យក្រពះយើងកើតជំងឺមហារីក។
បន្ថែមពីលើអំណះអំណាងខាងលើ ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែតថា ឧទាហរណ៍ជាភស្តុតាងវិទ្យាសាស្រ្តច្បាស់លាស់នោះ ជនជាតិដែលចូលចិត្តញ៉ាំត្រីប្រឡាក់ច្រើនជាងគេ គឺជនជនជាតិជប៉ុន ដែលករណីនេះហើយទើបជនជាតិជប៉ុនមានអត្រាកើតជំងឺមហារីកក្រពះច្រើនជាងគេនៅលើពិភពលោក។ លោកវេជ្ជបណ្ឌិតថា នោះគឺជាភស្តុតាងវិទ្យាសាស្ត្រពិតប្រាកដ។
ថ្វីបើបែបនេះក្តីលោកវេជ្ជបណ្ឌិតថា នៅប្រទេសកម្ពុជាយើងបច្ចុប្បន្នអត្រាកើតជំងឺមហារីកក្រពះក៏មានចំនួនច្រើនដែរ ហើយបើតាមតួលេខរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុង១ឆ្នាំមានអ្នកកើតជំងឺមហារីកថ្មីគ្រប់ប្រភេទប្រហែល ១ម៉ឺន៥ពាន់ករណី ដែលជំងឺមហារីកមាត់ស្បូនឈរនៅលំដាប់ទី១ ទី២ មហារីកសុដន់ ទី៣ មហារីកសួត ទី៤ មហារីកក្រពះ និងទី៥ មហារីកថ្លើម៕