រាជធានីភ្នំពេញ ៖ អតីតកាលតំបន់អារ៉ែង ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលគេស្គាល់ថាជាតំបន់ដាច់ស្រយាល ហើយពោរពេញដោយបញ្ហាស្មុគស្មាញ និងរងនូវការរិះគន់រាប់មិនអស់នោះ ប៉ុន្តែបច្ចុប្បន្ននេះតំបន់អារ៉ែងបានប្រែមុខមាត់ថ្មី ហើយអាចនិយាយថា ជាទីឋានកំពុងទាក់ទាញអ្នកទេសចរ ខណៈដែលតំបន់នេះបានរំលេចនូវសម្រស់ធម្មជាតិ ប្លែកៗ គួរឲ្យទាក់ទាញ ។
លោកជុក ជំនោ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍បាន ថ្លែងកាលពីពេល ថ្មីៗកន្លងមកថា ប្រជាសហគមន៍តំបន់ភ្នំអារ៉ែងបាន និងកំពុងបង្ហាញនូវស្នាមញញឹម រង់ចាំទទួលភ្ញៀវទេសចរ សំខាន់ទេសចរណ៍បែបផ្សងព្រេងទៅកាន់តំបន់នោះ ដែលមានចំនួនកាន់តែ ច្រើនឡើងៗ បន្ទាប់ពីហេដ្ឋារចនាសម្ពន្ធ័ការបម្រើសេវានៅតំបន់អារ៉ែង ត្រូវបានកែលម្អ និងយកចិត្តទុកដាក់ពីអាជ្ញាធរ រួមទាំងស្ថាប័នពាក់ព័ន្ធ ។
តំបន់ភ្នំអារ៉ែងលែងជាតំបន់ឯកោ និងដាច់ស្រយាលទៀតហើយ ប៉ុន្តែជាតំបន់ដែលបាននិងកំពុងប្រែមុខប្រែមាត់រួមជាមួយស្នាមញញឹម របស់ប្រជាសហគមន៍រង់ចាំទទួលភ្ញៀវទេសចរ ។ ផ្តើមពីនោះចំនួនភ្ញៀវទេសចរ សំខាន់ទេសចរបរទេសកាន់តែមានចំនួនច្រើនឡើងបានទៅលំហែសម្រាកកម្សាន្តនៅទីនោះ ។ តំបន់នោះមានសហគមន៍ទេសចរណ៍មួយ ដែលមានឈ្មោះថា សហគមន៍ទេសចរណ៍ស្ទឹងអារ៉ែង ដោយតំបន់នោះមានស្ទឹងមួយហូរកាត់គ្រប់រដូវ ។ តំបន់អារ៉ែងមានកន្លែងដែលភ្ញៀវទេសចរណ៍អាចទៅសម្រាកម្សាន្តបាន នោះគឺមានចំនួនរហូតដល់៦៨កន្លែងឯណោះ ហើយកន្លែង នីមួយៗមានសក្តានុពលធម្មជាតិ ប្លែកៗពីគ្នា ។
លោកជុក ជំនោ រៀបរាប់ថា ដំបូងបង្អស់ភ្ញៀវទេសចរអាចនឹងទៅដល់តំបន់ស្ទឹងអារ៉ែងដែលមានភាពស្រស់ស្អាត ហើយភ្ញៀវទេសចរអាចចុះងូតទឹកកម្សាន្តផងដែរ ។ បន្ទាប់មកគឺឡើងទៅលើភ្នំដែលភ្ញៀវអាចមើលឃើញនូវទិដ្ឋភាពដ៏ស្រស់ត្រកាលនៃជ្រលងអារ៉ែងទាំងមូលតែម្តង ដែលធ្វើឲ្យភ្ញៀវទេសចររំភើបស្រស់ស្រាយនឹងទេសភាពធម្មជាតិ ដែលបានលាតត្រដាងដោយពណ៌ខៀវស្រងាត់ ។ មិនតែប៉ុណ្ណោះពេលទៅដល់ទីនោះភ្ញៀវ នឹងមានអារម្មណ៍ថា ហាក់កំពុងឈរនៅលើពពកដែលកំពុងហោះកាត់ ។ ក្រៅពីនោះភ្ញៀវទេសចក៏អាចនឹងបន្តដំណើរកម្សាន្តទៅតំបន់ខ្នងភ្នំក្រពើព្រៃស្រល់ដែលមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីសហគមន៍ ខណៈដែលតំបន់នោះក៏មាន កន្លែងតម្កល់សាកសពរបស់ជនជាតិនាសម័យបូរាណផងដែរ ។
ប្រភពដដែលបញ្ជាក់ថា ពេលទៅដល់កន្លែងនោះភ្ញៀវទេសចរនឹងប្លែកអារម្មណ៍មិនខាន ឬអាចនិយាយថា ពួកគេនឹងហាក់នឹកស្រមៃដល់អតីតកាលនាសម័យដ៏យូរលង់របស់មនុស្សជាតិ ។ អ្នកទេសចរដែលបានទៅដល់ទីនោះភាគ ច្រើនជាទេសចរបែបផ្សងព្រេង ព្រោះតំបន់នោះមានអំណោយផលសម្រាប់អ្នកទេសចរបែបផ្សងព្រេង ព្រោះថាភ្ញៀវអាចនឹងបោះតង់សម្រាក ឬពិសាបាយដែលជាម្ហូបត្រូវបានរៀបចំចម្អិនដោយចុងភៅព្រៃជាមួយប្រជាសហគមន៍ ។
លោកជុក ជំនោ រំពឹងថា នៅពេលអនាគតតំបន់អារ៉ែងនឹងក្លាយជាតំបន់អេកូទេសចរណ៍សហគមន៍ទេសចរណ៍ដ៏ទាក់ទាញបំផុត ។ ភ្ញៀវទេសចរភាគច្រើនដែលចាប់អារម្មណ៍ទៅកម្សាន្តនៅតំបន់អារ៉ែងនាពេលបច្ចុប្បនេះ ភាគច្រើនជាក្រុមទេសចរបែបផ្សងព្រេង ឬបែបអេកូទេសចរណ៍ព្រោះគេអាចប្រើពេលវេលាយូរថ្ងៃ ហើយការសម្រាករបស់ពួកគេ គឺគេសម្រាករួមជាមួយប្រជាសហគមន៍ទេសចរណ៍ ឬក៏បោះតង់សម្រាកដោយឡែកតាមអ្វី ដែលពួកគេចង់ ។
លោកជុក ជំនោ ឲ្យដឹងដែរថា ថ្មីៗនេះ ក្រុមការងារជំនាញរបស់ក្រសួងទេសចរណ៍មួយក្រុមបានទៅកាន់តំបន់នោះក្នុងគោលបំណងសិក្សាដកស្រង់បទពិសោធន៍ពីការរៀបចំតំបន់ទេសចរណ៍ផ្សងព្រេងនៅតំបន់អារ៉ែង សំខាន់នោះគឺការដកស្រង់បទពិសោធន៍ពីរៀបចំសហគមន៍ស្ទឹងអារ៉ែងតែម្តង ដោយសារតែសហគមន៍មួយនេះទើបតែបង្កើតឡើងនៅឆ្នាំ២០១៦ប៉ុណ្ណោះ ប៉ុន្តែពួកគាត់រៀបចំបានល្អដូចជា រចនាសម្ពន្ធ័រឹងមាំ ប្រជាសហគមន៍មាន ការយល់ដឹងច្រើនគួរឲ្យកត់សម្គាល់ ។
ការទៅសិក្សាស្រាវជ្រាវ និងដកស្រង់បទពិសោធន៍នោះវាមិនគ្រាន់ដើម្បីឲ្យមន្ត្រីជំនាញទទួលបានបទពិសោធន៍យកទៅធ្វើជាគំរូនោះទេ ប៉ុន្តែអ្វីដែលទទួលបាន លើសពីនេះគឺការផ្សព្វផ្សាយអំពីសក្តានុពលប្រកបដោយការទាក់ទាញគួរឲ្យភ្ញាក់ផ្អើលនៃតំបន់អារ៉ែងតែម្តង ។
លោកជុក ជំនោ បានកោតសរសើរដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងសហគមន៍ ស្ទឹងអារ៉ែងដែលមានការយល់ដឹងខ្ពស់ពីការទទួលផលប្រយោជន៍ពីភ្ញៀវទេសចរ ហើយ ពួកគាត់បានបង្ហាញនូវស្នាមញញឹមត្រៀមចាំទទួលភ្ញៀវទេសចរ ។ ទន្ទឹមនោះពួកគាត់ក៏ បានថែរក្សានូវទំនៀមទម្លាប់នៃការរស់បែបប្រពៃណីរបស់ខ្លួនបានខ្ជាប់ខ្ជួនដូចជា ឥរិយាបថ ការស្លៀកពាក់ វប្បធម៌ រហូតដល់ម្ហូបអាហារជាដើម ដែលអ្វីទាំងអស់នេះគឺជាការទាក់ ទាញបំផុតសម្រាប់ភ្ញៀវទេសចរ ។
អ្វីដែលជាការលះបង់របស់ប្រជាសហគមន៍ស្ទឹងអារ៉ែង ហើយគួរឲ្យកោតសរសើរបំផុតនោះគឺការលះបង់ស្ទើរទាំងស្រុងនូវមុខរបរបែបប្រពៃណីដូចជា ការបរបាញ់សត្វ ការអាស្រ័យផលដោយការកាប់ព្រៃឈើជាដើម នៅក្រោយពេលដែលបានបង្កើតជាសហគមន៍ ហើយអភិវឌ្ឍសហគមន៍ស្ទឹងអារ៉ែងឲ្យងាកមកទទួលសេវាទេសចរណ៍វិញ ។ ទន្ទឹមនោះពួកគាត់ថែមទាំងបង្កើតឡើងនូវក្រុមល្បាតព្រៃ ខណៈដែលក្រុមល្បាតនេះតែងតែដើរល្បាតក្នុងរយៈពេល៣ ឬ៤ថ្ងៃម្តង ដើម្បីការពារព្រៃផង ហើយប្រសិនបើពួកគាត់ប្រទះឃើញសកម្មភាពដើរបរបាញ់សត្វព្រៃឬក៏ដាក់អន្ទាក់យកសត្វព្រៃជាដើមនោះពួកគាត់ នឹងហៅសាមីខ្លួនមកណែនាំនិងឲ្យបញ្ឈប់សកម្មភាព ហើយងាកមកចូលរួមក្នុងសហគមន៍វិញ ។
ចំពោះបញ្ហាផ្លូវគមន៍ទៅកាន់តំបន់អារ៉ែងមកដល់ពេលនេះពុំមានបញ្ហាប្រឈម ឬលំបាកដូចពេលមុននោះទេ ។ ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវពីភ្នំពេញទៅដល់ផ្លូវបំបែកថ្មបាំងមុនទៅ ដល់ខេត្តកោះកុងប្រមាណ៣០គីឡូម៉ែត្រ មានផ្លូវបំបែកបត់ស្តាំ ហើយនៅឆ្ងាយពីផ្លូវបត់ប្រហែល៥០០ម៉ែត្រនឹងឃើញស្លាកសញ្ញាមួយដាក់ថាសហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង ។ បន្ទាប់មកយើងអាចធ្វើដំណើរក្នុងរយៈពេលប្រមាណមួយម៉ោងនឹងទៅដល់ទីរួមស្រុកថ្មបាំង ហើយហួសទៅមុខទៀតប្រហែល៨គីឡូម៉េត្រយើងនឹងទៅដល់តំបន់ភ្នំអារ៉ែងតែម្តង ។ ចំណែកផ្លូវឆ្ពោះទៅតំបន់នោះទោះជាកំពុងស្ថិតនៅក្នុងស្ថានភាពផ្លូវក្រួសសក្រហម ប៉ុន្តែមិនលំបាកនោះទេ ៕