ប៉ៃលិន៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានអំពាវនាវឲ្យមន្ត្រីជំនាញ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចូលរួមយកចិត្តទុកដាក់ផ្សព្វផ្សាយការអប់រំយល់អំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឲ្យបានទូលំទូលាយនៅគ្រប់ជំនួបសំណេះសំណាល និងគ្រប់វេទិកាទាំងអស់ ជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេសត្រូវធ្វើសេចក្តីរាយការណ៍ជាប្រចាំជូនដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត-ក្រុង/ស្រុក ឃុំ/សង្កាត់ អំពីស្ថានភាពគ្រោះថ្នាក់ និងបញ្ហាមីននៅតាមមូលដ្ឋាន ដើម្បីមានការណែនាំ និងមានចំណាត់ការបន្ថែម។
ការអំពាវនាវរបស់ឯកឧត្តមទេសរដ្ឋមន្រ្តីបែបនេះ នៅក្នុងពិធីតម្លើងផ្ទាំងប៉ាណូផ្សព្វផ្សាយការអប់រំការយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អាជ្ញាធរដែនដី មន្ត្រីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋ។
ឯកឧត្តម លី ធុជ ក៍បានមានប្រសាសន៍ជម្រុញឲ្យមន្រ្តីនគរបាលប៉ុស្តិ៍តាមបណ្តោយព្រំដែន បន្តជួយផ្សព្វផ្សាយជូនចំពោះបងប្អូនពលករ មិនត្រូវប្រថុយប្រថានចូលក្នុងតំបន់ដែល មិនស្គាល់ទីតាំងភូមិសាស្រ្តច្បាស់លាស់ក្នុងបំណងណាមួយ ដូចជា៖ ការប្រើប្រាស់ដី រុករកអនុផលព្រៃឈើ ធ្វើដំណើរឆ្លងកាត់ មិនត្រូវប៉ះពាល់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាដាច់ខាត ហើយត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាន មេឃុំ មេភូមិ ប្រតិបត្តិករបោសសម្អាតមីន ឬសមត្ថកិច្ចនគរបាលជាបន្ទាន់ នៅពេលបានឃើញ បានដឹងពីកន្លែងមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនេះ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ក៍បានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រធានអាជ្ញាធរមីនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនប្រជាពលរដ្ឋ និងប្រតិបត្តិករដោះមីនទាំងអស់នៅក្នុងខេត្តប៉ៃលិន ហើយត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាព ដោយត្រូវមានប្រុងប្រយ័ត្ន និងត្រូវស្ថិតនៅចៀសឲ្យឆ្ងាយពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងតំបន់សង្ស័យថាមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលនៅសេសសល់ពីសម័យសង្គ្រាម។
សូមបញ្ជាក់ថា៖ គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ខេត្តប៉ៃលិន មានផ្ទៃដីបោសសម្អាតរួចរាល់ចំនួន ៧៨,៩៨៧,០៤៦ ម៉ែត្រក្រឡា (ប្រមាណ ៧៩ គីឡូម៉ែត្រក្រឡា) រកឃើញ និងកំទេចចោលមីនប្រឆាំងមនុស្សបានចំនួន ៥៤,៦១៧ គ្រាប់ មីនតោនចំនួន ៤០៤ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២៣,៤២២ គ្រាប់ ចំណែកផ្ទៃដីដែលនៅសល់ ចំនួន ២៥,៥២៣,៧៦៣ ម៉ែត្រក្រឡា (ប្រមាណ ២៥.៥ គីឡូម៉ែត្រក្រឡា) (ស្មើនឹងចម្ការមីនចំនួន ៤៣០) ដែលបានសបន្សល់ទុក្ខគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះដោយសារភ្លើងសង្គ្រាមគ្រប់ទីកន្លែង ហើយអាជ្ញាធរមីនកម្ពុជា នឹងខិតខំប្រឹងប្រែងបោសសម្អាតមីនអោយអស់តាមផែនការគ្រោងទុក្ខផងដែរ៕