ខេត្តបន្ទាយមានជ័យ ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើល និងចែកចាយនូវរូបសំណាកតាដំបងគ្រញួងដែលមានកំពស់ជិត៣ម៉ែត្រ នៅទឹកដីខេត្តបន្ទាយមានជ័យ បង្កជាការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរ ដែលកន្លងមកបានដឹងថា តាដំបងគ្រញួងមានតែនៅទឹកដីខេត្តបាត់ដំបង ។
យ៉ាងណាមិញ តាមព័ត៌មានដែលកោះសន្តិភាពទទួលបាន គឺរូបសំណាកតាដំបងគ្រញួងដែលមានកំពស់ជិត៣ម៉ែត្រ គឺលើកំពូលភ្នំទ្រព្យ ហើយអាជ្ញាធរក៏សង្ឃឹមថា ទីតាំងនេះនឹងអាចក្លាយជាតំបន់រមណីយដ្ឋានទេសចរណ៍ ដែលស្ថិតភូមិជ្រាប់ចាស់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ។
លោក យ៉ង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសីល្បៈខេត្តបន្ទាយមានជ័យ បានអោយដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ថា រូបសំណាកតាដំបងគ្រញូងដែលនៅលើកមពូលភ្នំជញ្ជាំងភ្នំទ្រព្យ គឺជារូបសំណាកដែលចម្លាក់ដោយគ្រូចម្លាក់ថ្ម និងកូនជាងជាអ្នកស្រុកកំណើតនៅស្រុកព្រះនេត្រព្រះ ដែលត្រូវបានចម្លាក់កសាងឡើងនៅអំឡុងឆ្នាំ២០១១ ដែលមានកំពស់ជិត៣ម៉ែត្រ ចម្លាក់ដោយថ្មភ្នំទ្រព្យ។
លោកបានបញ្ជាក់ថា នៅចំណុចកំពូលភ្នំទ្រព្យ ដែលមានកំពស់ពីជើងភ្នំទៅលើកំពូលភ្នំរូបចម្លាក់តាដំបូងគ្រញួង មានកំពស់ជិត៣០០ម៉ែត្រ ហើយនៅលើកំពូលភ្នំទ្រព្យ ឃើញមានទីទួលប្រាសាទមួយដែលរងការជីកបំផ្លាញយកវត្ថុបុរាណនាសម័យសង្គ្រាម ហើយពេលនេះមន្ទីរវប្បធម៌ និងវិចិត្រសីល្បៈខេត្តបន្ទាយមានជ័យ បានសហការជាមួយអាជ្ញាធរស្រុកបានរៀបចំរើសប្រមូលផ្ទាំងវត្ថុបុរាណប្រាសាទដែលមានអាយុកាលយូរឆ្នាំមកហើយធ្វើអំពីថ្មភក់។
លោក យ៉ង់ តាំងកួយ បានបញ្ជាក់ថា មូលហេតុដែលអាជ្ញាធរបានសម្រេចអោយគ្រូជាងចម្លាក់រូបតាដំបូងគ្រញួងនៅជញ្ជាំងថ្មលើកកំពូលភ្នំទ្រព្យនេះ ព្រោះមានប្រវត្តិតាដំបូងគ្រញួង ជាអ្នកស្រុកកំណើតនៅភ្នំទ្រព្យ ស្ថិតភូមិជ្រាប់ចាស់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ។ ជាការខិតខំយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ ដើម្បីរៀបលើកំពូលភ្នំទ្រព្យរូបចម្លាក់តាដំបូងគ្រញួង និងទីទួលប្រាសាទអោយជាតំបន់ទេសចរណ៍អាចទាក់ទាញភ្ញៀវមើលលេងលើកំពូលភ្នំទ្រព្យ មើលរូបចម្លាក់តាដំបូងគ្រញួង និងទួលប្រាសាទមើលទេសភាពព្រៃធម្មជាតិលើកំពូលភ្នំ៕