ខេត្តរតនគិរី ៖ តំបន់ទេសចរណ៍ភ្នំវាលធំ នៃឧទ្យានជាតិវីរៈជ័យ មានទេសភាពស្រស់ស្អាតជាទីគយគន់គ្រប់រដូវកាល ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលស្រឡាញធម្មជាតិ ។
លោកស្រី ឡយ ហង្សដា មន្ត្រីនៃការិយាល័យឧទ្យានជាតិវីរៈជ័យ បានថ្លែងប្រាប់វិទ្យុជាតិកម្ពុជា ឲ្យដឹងថា ភ្នំវាលធំ ជាតំបន់មានវាលស្មៅខៀវខ្ចីស្រងាត់ បង្កើតជាទេសភាព ស្រស់ស្អាតនៅតាមជួរជ្រលងភ្នំ ព្រមទាំងមានបរិយាកាសស្រស់ស្រាយ នឹងត្រជាក់ មិនចាញ់ខេត្តមណ្ឌលគិរីឡើយ ជាពិសេសជាកន្លែងទេសចរណ៍បែបផ្សងព្រេង ។
លោកស្រីបានបន្តថា ភ្ញៀវទេសចរណ៍ អាចឡើងទៅលេងទីនោះបាន តាមរយៈការធ្វើដំណើរដោយថ្មើរជើង ប្រហែល៦ម៉ោង ឬការជិះម៉ូតូកែច្នៃ ហើយអាចបោះជំរុំ តង់ សម្រាកលំហែនៅទីនោះបាន ព្រមទាំងអាចថតរូប ទុកជាអនុស្សាវរីយ៍ ស្តាប់ឮសំឡេងសត្វព្រៃតូចធំ និងបានឃើញសត្វព្រៃដូចជា ៖ ឈ្លូស ក្តាន់ ប្រើស និងសត្វព្រៃជាច្រើនទៀត ក្នុងឧទ្យាននេះផងដែរ ។
លោកស្រី ថ្លែងយ៉ាងដូច្នេះថា ៖ «ខែហ្នឹង និយាយពីទេសភាពគឺស្អាត ហើយបើសត្វ គឺក៏សំបូរដែរ គ្រាន់តែវាពិបាករឿងផ្លូវឡើងទៅ បើសិនជាខែភ្លៀង វាមានការពិបាកក្នុងការឡើង ប៉ុន្តែជនជាតិបារាំង ពួកគេចូលចិត្តទៅ ខែហ្នឹងស្អាត និយាយថាស្អាតហើយនៅទីហ្នឹង មានតំបន់ប្រវត្តិសាស្ត្រច្រើន មានជ្រោះក៍មាន ភ្នំក៏មាន ហើយសត្វក៏មាន គេអាចឮសំឡេងសត្វទោចយំអញ្ចឹង ពេលខ្លះបានជួបទៀត គេអាចឃើញដូចជាប្រើសអីជាដើម ចំណែកឯជ្រូកព្រៃភាគច្រើន ឃើញតែស្នាមដានជើង ក៏ពួកគាត់ក៏សប្បាយចិត្តដែរ» ។
លោកស្រី បានបន្តថា ប្រសិនបើភ្ញៀវទេសចរណ៍ ចង់ទៅលេងកម្សាន្ត ឬបោះតង់សម្រាកលំហែ នៅក្នុងឧទ្យាននេះ គឺត្រូវទាក់ទងមកការិយាល័យ អេកូទេសចរណ៍ធម្មជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគិរី ជាមុនសិន ព្រោះតែកន្លែងទេសចរណ៍នេះ ជាតំបន់គ្រប់គ្រងដោយឧទ្យានុរក្សបរិស្ថាន ពោលជាកន្លែងដែលអភិរក្ស យ៉ាងមុតមាំ ក្នុងការការពារព្រៃឈើ និងដែនជំរកសត្វព្រៃ ហើយបានចុះបញ្ជីជាតំបន់ការពារបេតិកភ័ណ្ឌ របស់អាស៊ានទៀតផង ។
គួរបញ្ជាក់ថា តំបន់ទេសចរណ៍វាលធំ គឺស្ថិតក្នុង ឃុំកោះប៉ង ស្រុកវើនសៃ និងឃុំតាវែងក្រោម ស្រុកតាវែង ខត្តរតនគីរី នៃឧទ្យានជាតិវីរៈជ័យ ជាជម្រកធម្មជាតិ យ៉ាងសំខាន់សម្រាប់សត្វស្លាប២០០ប្រភេទ ថនិកសត្វ១៥ប្រភេទ ល្មូន៣៥ប្រភេទ មច្ឆា៣៧ប្រភេទ កណ្តូប១៩ប្រភេទ និងប្រភេទសត្វផ្សេងៗទៀត៕