ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ឯកឧត្តម ឌិន គឹម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការចូលរួមពីតំណាងមន្ទីរសុខាភិបាលខេត្ត មន្ទីរព័ត៌មានខេត្ត និងក្រោមគម្រោងគាំទ្រពី ICRC , បានចុះអប់រំផ្សព្វផ្សាយស្ដីពីការបង្ការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ដល់ថ្នាក់ដឹកនាំ មន្ត្រី និងជនជាប់ឃុំ នៅពន្ធនាគារខេត្តប៉ៃលិន នឹងបន្តចុះអប់រំផ្សព្វផ្សាយដល់ខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងភូមិទឹកចេញ និងភូមិរថក្រោះឆេះ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការងារទប់ស្កាត់ការចម្លងរាលដាលនៃជំងឺកូវីដ-១៩ គឺជាការងារអាទិភាពមួយ ដែលលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងជាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន មានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា និងជំរុញការអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារសុខភាព អាយុជីវិតរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាផងដែរ។ លោកជំទាវបានមានប្រសាសន៍បន្តថា ជំងឺកូវីដ-១៩ មិនបានទៅណាឆ្ងាយពីយើងទាំងអស់គ្នានោះទេ, ជំងឺនេះនឹងឆ្លងមកដល់យើងទាំងអស់គ្នាភ្លាម ប្រសិនបើពួកយើងធ្វេសសប្រហែស គ្មានការប្រុងប្រយ័ត្ន។ លោកជំទាវបានមានប្រសាសន៍បន្តទៀតថា ដើម្បីការពារកុំអោយឆ្លងមេរោគ កូវីដ-១៩ យើងត្រូវអនុវត្តន៍ឲ្យបានតាមការណែនាំរបស់រាជរដ្ឋាភិបាល គឺ ៣កុំ , ៣ការពារ នឹងត្រូវទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។ វិធានការ ៣កុំ គឺ កុំទៅទីកន្លែងបិទជិត គ្មានខ្យល់ចេញចូល, កុំចាប់ដៃគ្នា ឬអោបគ្នា , កុំទៅទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើន។ វិធានការ ៣ការពារ គឺ ត្រូវពាក់ម៉ាសអោយបានត្រឹមត្រូវ , ត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ឬជែលលាងដៃ ឲ្យបានញឹកញាប់, ត្រូវរក្សាគំលាតគ្នា អោយបានយ៉ាងតិច ១ម៉ែត្រកន្លះ។
ក្នុងថ្ងៃដដែលនេះដែរ ក្រុមការងារកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានបន្តចុះអប់រំផ្សព្វផ្សាយពីវិធីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ក្នុងភូមិទឹកចេញ និង ភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សរុបបាន ចំនួន ២៣ខ្នងផ្ទះ មានអ្នកចូលរួម ចំនួន ៦៩នាក់ ស្រី ៤៦ នាក់, ចែកម៉ាស់ ១២ដុំធំ សាប៊ូ ១កេស ប័ណ្ណផ្សព្វផ្សាយ ៣កុំ ៣ការពារ ចំនួន ៦៧សន្លឹក និង ផ្ទាំងរូបភាព ៣កុំ ៣ការពារ ចំនួន ១០ សន្លឹក ផងដែរ៕ ដោយ វួច ពឿន AKP ប៉ៃលិន