ខេត្តបន្ទាយមានជ័យ ៖ វាលរហាលកែសអាវៀន ជាតំបន់អភិរក្សពូជត្រី និងសត្វស្លាបជាច្រើនប្រភេទ រស់នៅទីនោះដោយក្តីសុខសាន្ត ។ តំបន់អភិរក្សនេះ ស្ថិតក្នុងភូមិសាស្ត្រឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅខាងត្បូងវិទ្យាល័យហ៊ុន សែន ឈ្នួរមានជ័យ ប្រហែលជា៧គីឡូម៉ែត្រ ជាប់ព្រំប្រទល់ស្រុក ក្រុងចំនួន៣ គឺស្រុកព្រះនេត្រព្រះ មង្គលបុរី និងក្រុងសិរីសោភ័ណ ។
តាមការឲ្យដឹងពីលោកខុង ប៊ុន ជំទប់ទី១ ឃុំឈ្នួរមានជ័យ ឲ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា វារហាលកែសអាវៀន កាលដើមឡើយជាទំនប់បិទទឹកនៅសម័យប៉ុល ពត ដោយពួកគេបានកេណ្ឌប្រជាពលរដ្ឋលើកទំនប់ដើម្បីធ្វើអាងស្ដុកទឹកកុំឲ្យទឹកហូរចូលស្ទឹងមង្គលបុរី និងស្ទឹងសិរីសោភ័ណ ដើម្បីទុកទឹកប្រើប្រាស់នៅក្នុងអាងក្នុងឃុំឈ្នួរ និងឃុំព្រះនេត្រព្រះ ក្នុងស្រុកព្រះនេត្រព្រះ និងសង្កាត់កំពង់សត្វ ក្នុងក្រុងសិរីសោភ័ណ ។តំបន់រវាលរហាលអាវៀនមានទំហំប្រមាណជា២៨ហិកតា ស្ថិតក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ។
នារដូវប្រាំងបើចង់ទស្សនាហ្វូងសត្វស្លាប គឺអាចធ្វើដំណើរដោយឡាន ឬម៉ូតូ ប៉ុន្តែបើរដូវវស្សាជិះទូក ប្រហែលជា៣-៤គីឡូម៉ែត្រ ទើបដល់ទីទួលទំនប់ដែលលើកសម័យប៉ុលពត ។ ទៅថ្ងៃអនាគត ឬក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ (ទឹកស្រកចុះអស់) រដ្ឋបាលឃុំនឹងបង្កើតឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិដោយរៀបចំកន្លែងអង្គុយលេង កន្លែងទស្សនាសត្វស្លាបជាដើម ។ ទោះជាយ៉ាងណាក្ដីចង់ស្វែងរកអង្គការជាដៃគូដើម្បីអភិវឌ្ឍរកផលប្រយោជន៍ឲ្យប្រជាពលរដ្ឋក្នុងសហគមន៍ ។ មានក្រុមហ៊ុនឯកជនទាក់ទងអភិវឌ្ឍតំបន់នោះដែរ តែអាជ្ញាធរឃុំមិនយល់ព្រម ព្រោះវាបាត់បង់ផលប្រយោជន៍ប្រជាពលរដ្ឋក្នុងសហគមន៍ ។
លោកជំទប់ទី១បានអំពាវនាវដល់ប្រជាពលរដ្ឋ «សូមជួយថែរក្សាពូជត្រី និងសត្វស្លាប ដែលកំពុងតែរស់នៅដ៏សុខសាន្តកកើតកូនចៅច្រើនសន្ធឹកសន្ធាប់កុំឲ្យវិនាសទៅវិញ ដូចជាមានការលួចបាញ់ លួចយកពង ។ វាជាសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នាទេ បើយើងបាញ់សម្លាប់សត្វទាំងនេះជាអាហារ វាមានប្រយោជន៍បានតែមួយពេលប៉ុណ្ណោះ តែបើយើងទុកសត្វទាំងនេះរស់នៅ វាមានប្រយោជន៍ដល់យើងតកូនតចៅ ។ ជាងនេះទៀតនៅរដូវប្រាំងកុំដុតភ្លើងវាលដែលនាំឲ្យឆេះរាលដាលមកដល់ព្រៃតំបន់អភិរក្សនេះ ដែលនាំឲ្យសត្វស្លាបទាំងនេះមិនមានទីកន្លែងនៅ» ។
លោកខុង ប៊ុន បានបញ្ជាក់ថា បានជាគេហៅរហាលកែស ព្រោះតំបន់នេះវាជាកន្លែងប្រសព្វរវាងក្បាលស្ទឹងក្រុងសិរីសោភ័ណ ក្នុងភូមិសាស្ត្រសង្កាត់កោះពងសត្វ និងក្បាលស្ទឹង ស្រុកមង្គល ក្នុងភូមិសាស្ត្រឃុំគយមែង ។ ប៉ុន្តែនៅសម័យប៉ុល ពត គឺគេបានប្រមូលកងចល័តមកលើកទំនប់ខាងភូមិសាស្ត្រឃុំឈ្នួរមានជ័យ ដើម្បីទប់ទឹកកុំឲ្យហូរចូលទៅក្នុងស្ទឹងមង្គលបុរី និងស្ទឹងក្រុងសិរីសោភ័ណ ដោយគេទប់ទឹកនៅខាងភូមិសាស្ត្រឃុំឈ្នួរ និងឃុំព្រះនេត្រព្រះ ទុកសម្រាប់ធ្វើស្រែ ។ ចំណែកដីមានព្រៃដែលហ្វូងសត្វស្លាបចម្រុះកំពុងស្នាក់នៅយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ គឺមានផ្ទៃដីចំនួន២៣ហិកតា គេឲ្យឈ្មោះថាអាវៀន បានបញ្ចូលលជាតំបន់អភិរក្សអាវៀន ។ ហេតុដែលហៅថាអាវៀននោះកន្លែងនេះ ព្រោះវាមានទឹកព័ទ្ធជុំវិញព្រៃក្រវេចក្រវៀន ហើយសព្វថ្ងៃគេហៅតំបន់ទាំង២នោះថាវាលរហាលអាវៀន ។
ប្រភពដដែលឲ្យដឹងថា សត្វស្លាបចម្រុះដែលបានរស់នៅក្នុងតំបន់មានរយៈពេល៤ឆ្នាំមកហើយ ដោយ១ឆ្នាំដំបូងមិនសូវច្រើនោះទេ តែ៣ឆ្នាំកន្លងមកនេះ គឺមានសត្វស្លាបច្រើនប្រភេទស្នាក់នៅច្រើន ដូចជាក្រៀលខ្យង កុក ក្អែកទឹក ខ្វែក លលក ទោម តាឡុម មាន់ទឹក មាន់ទូនិងសត្វផ្សេងទៀត តែប្រភេទសត្វដែលរស់នៅច្រើនជាងគេ ក្រៀលខ្យង និងកុក រាប់ម៉ឺនក្បាល ។ ដោយពិនិត្យឃើញពីវត្ថមានសត្វស្លាបច្រើនដូច្នេះរដ្ឋបាលឃុំ តាមរយៈរដ្ឋបាលស្រុក ខេត្ត និងមន្ទីរបរិស្ថានខេត្ត បានដាក់ទៅក្រសួងបរិស្ថានដើម្បីចុះក្នុងបញ្ជីជាតំបន់អភិរក្សសម្រាប់ឃុំឈ្នួរមានជ័យ ៕