ប៉ៃលិន៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ព្រមទាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើយុទ្ធនាការដាំដើមឈើប្រណិត ៤០០០ដើម នៅទីបញ្ជាការទិសទី៣ ប៉ៃលិន~សំឡូត ដើម្បីស្តារគម្របបៃតងក្នុងខេត្តឡើងវិញ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការដាំកូនឈើប្រណិតនាថ្ងៃនេះ គឺក្នុងគោលបំណង ស្តារគម្របបៃតង និងឈើប្រណិតក្នុងខេត្តឡើងវិញ ព្រមទាំងជំរុញការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ឲ្យយល់ដឹងពីសារៈសំខាន់ និងផលប្រយោជន៍របស់បរិស្ថានធម្មជាតិ ក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ជាពិសេស បណ្តុះគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ដែលកំពុងតែរងការកាប់បំផ្លាញ ដែលនាំឲ្យឈានទៅរកការបាត់បង់បន្តិចម្តងៗ ដូច្នេះយើងទាំងអស់គ្នា ដែលជាអ្នកទទួលផលប្រយោជន៍ពីដើមឈើ គួរគប្បីចូលរួមដាំដុះឡើងវិញ ព្រមទាំងថែរក្សាការពារជីវចម្រុះ និងបរិស្ថានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ ដើម្បីរក្សាទុក ជាសម្បតិ្តជាតិ និងសម្បត្តិមនុស្សជាតិជាសាកល ក៍ដូជាលើកស្ទួយមុខមាត់ខេត្តរបស់យើងផងដែរ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិន កំពុងអនុវត្តន៍យ៉ាងសកម្មនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាក្រសួងបរិស្ថាន ក្នុងកិច្ចការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ព្រមទាំងអេកូឡូស៊ី ដើម្បីលើកកម្ពស់កិត្យានុពលបៃតងជាតិ អោយល្បីល្បាញរន្ទឺ ជាប្រទេសមានការអភិវឌ្ឍន៍បៃតង គម្រូក្នុងតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិច តាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍបៃតង ឆ្នាំ២០១៣-២០២០។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ថ្លែងការកោតសរសើ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងទាំង៣ប្រភេទ និងមន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ ដែលបានបំពេញបេសកកម្មដ៏ថ្លៃថ្លា ប្រកបដោយការទទួលខុសត្រូវខ្ពស់ សម្រាប់ប្រជាជន និងប្រទេសជាតិ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ។
បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី ទី សុខា មេបញ្ជាការទិសទី៣ ប៉ៃលិន-សំឡូត បានលើកឡើងថា៖ យុទ្ធនាការដាំដើមឈើប្រណិតចម្រុះចំនួន ៤០០០ដើម នៅទីបញ្ជាការជួរមុខទិសទី៣ ប៉ៃលិន-សំឡូត ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន គឺទទួលបានការឧបត្ថម្ភពី រដ្ឋបាលខេត្តប៉ៃលិន ,អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន, ស្នងការដ្ឋាននរគបាលខេត្តប៉ៃលិន, ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កងរាជអាវុធហត្ថខេត្ត រដ្ឋបាលព្រៃឈើខេត្ត និងយោធភូមិភាគទី៥៕