រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍បានបូកសរុបលទ្ធផលដើរកម្សាន្តរបស់ពលរដ្ឋនៅក្នុងឱកាសភ្ជុំបិណ្ឌបីថ្ងៃកន្លងមក ពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា មានភ្ញៀវទេសចរចេញដើរកម្សាន្តសរុប ៦៦៤,៦៩៧ នាក់ ។ គោលដៅទេសចរណ៍សំខាន់ៗនោះមាន ៖ ខេត្តកំពត ១០២,៥៩៣ នាក់ ខេត្តកែប ៩៦,៤៧១ នាក់ ខេត្តព្រះសីហនុ ៨០,៥១៩ នាក់ ខេត្តពោធិ៍សាត់ ៥០,១០៩ នាក់ ខេត្តកំពង់ស្ពឺ ៣៩,៦៤២ នាក់ ខេត្តបាត់ដំបង ៣៧,៧២៤ នាក់ខេត្តកំពង់ចាម ៣៦,១៤០ នាក់ និងខេត្តសៀមរាប ៣៣,២២២ នាក់ ។
ក្រសួងបញ្ជាក់ថា នាថ្ងៃឈប់សម្រាកទី ៣ នេះ គ្រប់គោលដៅទេសចរណ៍ទាំង ២៥ រាជធានីខេត្ត បានបើកដំណើរការទទួលភ្ញៀវទេសចរ រាប់ទាំងខេត្តកំពង់ឆ្នាំងដែលកន្លងមកបានផ្អាកដំណើរការរមណីយដ្ឋានាថ្ងៃឈប់សម្រាកទី ១ និងទី ២ ផងដែរ ។ ទន្ទឹមនឹងនេះចរន្តភ្ញៀវនៅបន្តដើរកម្សាន្តរហូតដល់ចុងសប្តាហ៍ ខណៈដែលការធ្វើដំណើរចូលរាជធានីភ្នំពេញនៅមិនទាន់មានភាពកកកុញនៅឡើយ ។
បន្ទប់ស្នាក់នៅនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ត្រូវបានភ្ញៀវកក់ពេញស្ទើរទាំងស្រុងនៅថ្ងៃទី ១ និងទី ២ ។ ប៉ុន្តែថ្ងៃទី ៣ នេះ ការកក់មានការថមថយខ្លះដោយសារប្រជាជនមួយចំនួនបានវិលត្រលប់ចូលភ្នំពេញវិញ ។ ភ្ញៀវទេសចរភាគច្រើន ជ្រើសរើសការដើរកម្សាន្តជាក្រុមគ្រួសារ ហើយខ្លះទៀតដើរកម្សាន្តច្រើនគោលដៅជាលក្ខណៈរង្វង់ខ្សែទស្សនកិច្ច ។ ជានិន្នាការថ្មីនោះ គឺភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសកន្លែងស្នាក់នៅដែលមានចង្រ្កានបាយ ឬកន្លែងចម្អិនអាហារភ្ជាប់ជាមួយ ខណៈដែលភ្ញៀវខ្លះទៀតជ្រើសរើសការទទួលទានអាហារជាលក្ខណៈសាច់អាំងគ្រួសាររៀបចំដោយខ្លួនឯង ហើយខ្លះទៀតក៏រៀបចំម្ហូបអាហារ ឬចង្រ្កានអាំងសាច់ និងប្រដាប់ប្រដាធ្វើម្ហូបផ្ទាល់ខ្លួនដាក់ក្នុងរថយន្តក្នុងពេលធ្វើដំណើរកម្សាន្តផងដែរ ដើម្បីកាត់បន្ថយការជួបជុំក្រុមភ្ញៀវផ្សេង និងសន្សំសំចៃថវិកាបានខ្លះ ។
ចំពោះតម្លៃសេវា ពិសេសតម្លៃបន្ទប់ស្នាក់នៅ និងម្ហូបអាហារ ពុំមានការតំឡើងថ្ងៃហួសហេតុទេ គឺស្ថិតក្នុងកម្រិតសមរម្យ ដោយពុំមានបាតុភាពគួរកត់សម្គាល់ណាមួយកើតឡើងទេ ។ បើតាមក្រសួងជំនាញថា ប្រជាពលរដ្ឋភាគច្រើនបានចូលរួមអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ពិសេសការពាក់ម៉ាស់ស្ទើរគ្រប់ ១០០% ។ ប៉ុន្តែការរក្សាគម្លាតនៅតែជាកត្តាចម្បងដែលចាំបាច់ត្រូវមានការយកចិត្តទុកដាក់អប់រំណែនាំ និងក្រើនរំឭកបន្ថែមទៀត ពិសេសនៅតាមគោលដៅទេសចរណ៍មួយចំនួនដែលមានការទាក់ទាញខ្លាំង ៕