ខេត្តកំពង់ស្ពឺ៖ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យជីវភាពប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ មានជីវភាពរស់នៅប្រសើឡើង តាមរយៈបង្ខិតសាលារៀនដល់ជណ្ដើរផ្ទះ អចលនវត្ថុឡើងថ្លៃ រោងចក្រសហគ្រាស តូចធំ មានរហូតដល់ទៅប្រមាណជាង ៧០០០ កន្លែង និងស្រូបយកកម្លាំងពលកម្មប្រមាណជាង ១៣ ម៉ឺននាក់។
តំបន់ទេសចរណ៍ ប្រមាណជា ១៨ កន្លែង ក្នុងនោះមានតំបន់ទេសចរណ៍កែច្នៃមាន ៥ កន្លែង តំបន់ទេសចរណ៍ធម្មជាតិមាន ៨ កន្លែង និងតំបន់កសិទេសចរណ៍មានចំនួន ៥ កន្លែង ដែលកំពុងពេញនិយម និងស្រូបយកភ្ញៀវទេសចរ មកកម្សាន្តយ៉ាងច្រើនកុះករ ក្នុងមួយថ្ងៃៗ។ ពិសេសនៅថ្ងៃថ្ងៃចុងសប្តាហ៍ ដែលជាហេតុធ្វើឲ្យមានចំណូលសម្រាប់ប្រជាសហគមន៍រស់នៅជិតតំបន់ទាំងអស់នោះ។
ជាក់ស្ដែងប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរស្វាយ និងភូមិស្លា ស្ថិតនៅក្នុងឃុំស្រង់ ស្រុកគងពិសី កំពុងទាញយកផលចំណេញអំពីការលក់ម្ហូបអាហារ ភេសជ្ជៈ ជួលទូក ជួលកូនទាទឹក ជួលពោងកង់ឡាន ផ្ញើកង់ ម៉ូតូ រថយន្ត និងសេវាកម្មផ្សេងៗទៀត សម្រាប់ចូលរួមលើកកម្ពស់ជីវភាពសង្គមគ្រួសារ និងកាត់បន្ថយបានយ៉ាងច្រើន ពីការចំណាកស្រុក។ ហើយតំបន់ទេសចរណ៍ ដែលភ្ញៀវទៅលេងមិនដាច់សូរ ក្នុងចំណោមតំបន់ទេសចរណ៍ទាំង ១៨ កន្លែងនោះ គឺតំបន់ទេសចរណ៍អូរស្វាយ ឋិតក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺនេះឯង។
សូមជម្រាបថា បើយើងធ្វើដំណើរចេញពីសាលាស្រុកគង់ពិសី ប្រមាណជា ៧ គីឡូម៉ែត្រ តែប៉ុណ្ណោះតាមផ្លូវលេខ ១៤៣ យើងនឹងទៅដល់តំបន់ទេសចរណ៍ធម្មជាតិ និងកែច្នៃ អូរស្វាយ របស់ខេត្តកំពង់ស្ពឺនេះហើយ៕