អ្នកប្រហែលជាគិតថាវាថ្មី ពុំធ្លាប់លឺទឹកតែប្រភេទនេះពីមុនមកទេ ឬក៏អ្នកធ្លាប់បានដឹងដែរ ប៉ុន្តែមិនធ្លាប់បានសាកល្បងទទួលទានវា។ តោះ! នៅពេលនេះយើងមកស្វែងយល់អំពីអត្ថប្រយោជន៍ និងរបៀបធ្វើតែចេកទុំទាំងអស់គ្នា ព្រោះថាវាងាយស្រួលធ្វើមែនទែន។ ជាពិសេសបំផុតនោះគឺតែមួយប្រភេទនេះវាជួយដល់សុខភាពរបស់អ្នកច្រើនខ្លាំងណាស់។
មុននឹងដឹងពីវិធីចំអិនតែចេកទុំ អ្នកត្រូវដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យទាំងនេះសិន៖
១/ ជួយឲ្យអ្នកគេងលក់ស្រួល
ការទទួលទានតែចេកទុំមួយកែវមុនពេលចូលគេងគឺអាចជួយបន្ថយអរម៉ូនស្រ្តេស និងធ្វើឲ្យអ្នកគេងលក់ស្កប់ស្កល់។ ទាំងនេះក៏ព្រោះតែផ្លែចេកវាមានផ្ទុកនូវសារធាតុសំខាន់ៗ ដែលជួយជម្រុញដល់ការគេងរបស់អ្នកដូចជាប៉ូតាស្យូម និងទ្រីប៉ូតូផានជាដើម។
២/ អាចគ្រប់គ្រងសម្ពាធឈាម
សារធាតុប៉ូតាស្យូមដែលមាននៅក្នុងតែចេកត្រូវបានគេដឹងថាវាមិនត្រឹមតែអាចជួយគ្រប់គ្រងតុល្យភាពជាតិទឹកនៅក្នុងរាងកាយប៉ុណ្ណោះទេ វាថែមទំាងជួយលើកកម្ពស់សុខភាពបេះដូង និងគ្រប់គ្រងសម្ពាធឈាមបានទៀតផង។
៣/ ជួយឲ្យអារម្មណ៍ស្រស់ស្រាយ
សារធាតុដូប៉ាមីន និងសេរ៉ូតូនីនដែលមាននៅក្នុងតែចេកក៏អាចជួយគ្រប់គ្រងកម្រិតអរម៉ូន និងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លាបំបាត់ភាពតានតឹង។ ហេតុនេះការទទួលទានទឹកតែចេក ជាមួយរបបអាហារប្រចំាថ្ងៃរបស់អ្នកនឹងជួយឲ្យអ្នកមានអារម្មណ៍ល្អ។
៤/ ជួយការពារពីការពុកឆ្អឹង
បញ្ហានេះគឺជាបញ្ហាសំខាន់មួយដែលមនុស្សជាច្រើនមានការព្រួញបារម្ភនៅពេលពួកគេមានវ័យកាន់តែចាស់ ព្រោះវានឹងមិនងាយព្យាបាលឲ្យជាសះស្បើយឡើយ។ ដូច្នេះអ្នកចាំបាច់ត្រូវថែរក្សាសុខភាពឆ្អឹងឲ្យបានល្អចៀសវាងដល់ពេលមានអាយុច្រើនទើបគិតចង់ថែរក្សា។
៥/ អាចធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារ
នៅពេលណាដែលការរំលាយអាហាររបស់អ្នកមានបញ្ហា នោះអ្នកនឹងប្រឈមជាមួយជំងឺជាច្រើន ហើយបញ្ហាមួយចំនួនក្នុងចំណោមបញ្ហាផ្សេងៗទៀតដែលអ្នកនឹងជួបនោះគឺការទល់លាមក ឬហើមពោះជាដើម។ ហេតុនេះអ្នកអាចសាកល្បងទទួលទានតែចេកបាន ព្រោះវាមានសមត្ថភាពជួយដល់ការរំលាយអាហារបានយ៉ាងល្អ។
៦/ ជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ
ផ្លែចេកក៏មានផ្ទុកវីតាមីន C និងវីតាមីន A ដែលវីតាមីនទាំង២នេះអាចជួយបង្កើនប្រព័ន្ធការពាររាងកាយ ដើម្បីការពីជំងឺផ្សេងៗ និងជួយឲ្យភ្នែកមានសុខភាពល្អផងដែរ។
៧/ ជួយសម្រកទម្ងន់
ចំពោះអ្នកដែលមានបំណងចង់សម្រកទម្ងន់គឺអាចក្រឡេកមកទទួលទានតែចេកនេះបាន ព្រោះវាមិនត្រឹមតែអាចជួយដល់សុខភាពរាងកាយដូចដែលបានរៀបរាប់ខាងលើនោះទេ វាក៏ជួយឲ្យអ្នកស្រក់ទម្ងន់បានដែរ។
តោះ! ដល់ពេលរៀនធ្វើតែចេកវិញម្តង
គ្រឿងផ្សំមានដូចជា៖
- ចេកទុំល្មម ១ ផ្លែ អ្នកគួរជ្រើសរើសយកចេកធម្មជាតិ
- ទឹកចំនួន ២ ពែង
- ឈើអែម ១ដុំ
- ទឹកឃ្មុំ ១ ស្លាបព្រា
វិធីធ្វើ៖
- ជាដំបូងអ្នកត្រូវកាត់ចេកជាចំណិតកង់ៗមិនស្តើងពេក ឬមិនក្រាស់ពេក (អ្នកអាចបកសម្បកចេញក៏បាន ឬមិនបកសម្បកក៏បាន ប៉ុន្តែនៅក្នុងសម្បកចេកក៏ពោរពេញទៅដោយសារធាតុចិញ្ចឹមផងដែរ)
- បន្ទាប់មកយកចេកដែលកាត់រួច និងឈើអែម ដាក់ក្នុងទឹកដែលបានរៀបចំរួច ហើយដាំឲ្យពុះ ១០នាទី ជាការស្រេច
- ក្រោយពីបានដាំពុះរួច អ្នកអាចបន្ថែមទឹកឃ្មុំទៅតាមចំនូលចិត្តរបស់អ្នក ប៉ុន្តែមិនត្រូវទទួលទានផ្អែមពេកទេ។
*ចំណាំ៖ ចំពោះចេកអ្នកគួរយកចេកគ្មានជាតិគីមីមកប្រើ ហើយចំណែកឯឈើអែមវិញ អ្នកអាចប្រើជាម្សៅក៏បាន ប៉ុន្តែប្រសិនបើអ្នកយកម្សៅមកប្រើអ្នកគួរដាក់វានៅក្រោយពេលទឹកតែបានដាំពុះរួចលើកចុះពីចង្ក្រាន(ទឹក២ពែង ម្សៅឈើអែម ១/៤ស្លាបព្រាកាហ្វេ)៕