រមណីយដ្ឋានពុទ្ធគីរី – តំបន់ធម្មជាតិ ៖ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលសម្បូរដោយរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែងមិនថាទីតាំងនៅរាជធានីភ្នំពេញ ខេត្តក្រុងនានា គឺមានកន្លែងសម្រាប់ដំណើរកម្សាន្តក្នុងថ្ងៃឈប់សម្រាក ឬថ្ងៃចុងសប្តាហ៍បានយ៉ាងរីករាយ ពិសេសតំបន់ទេសចរណ៍ខ្លះលោកអ្នកមិនបាច់ចំណាយពេលយូរក្នុងការធ្វើដំណើរនោះទេ។
ចម្ងាយត្រឹមតែ១១០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតនៅភូមិត្រពាំងស្ការ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ លោកអ្នកនឹងបានប្លែកភ្នែកជាមួយអារម្មណ៍ជ្រះថ្លាក្នុងទីតាំងរមណីដ្ឋានវប្បធម៌ ដែលកំពុងតែពេញនិយមសម្រាប់ភ្ញៀវទេសេចរនោះគឺ ពុទ្ធគីរីកម្ពុជា។
ដោយសារតែមានការកសាងព្រះពុទ្ធបដិមា រហូតដល់ទៅដល់ចំនួន ៨៤ ០០០ អង្គនោះ បានធ្វើឱ្យ ពុទ្ធគីរីកម្ពុជា ក្លាយទៅជាមណីយដ្ឋានទេសចរវប្បធ៌មដ៏ថ្មីសន្លាង និងជាទីពេញនិយមថ្មីមួយទៀតនៅលើទឹកដីខេត្តតាកែវ។ ពិសេសនៅអំឡុងបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលកន្លងផុតទៅថ្មីៗនេះ ពុទ្ធគីរីកម្ពុជា បានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក ដែលពួកគេបានចំណាយពេលទៅទស្សនាទីនោះយ៉ាងច្រើនកុះករ ហើយបច្ចុប្បន្នក៏មានអ្នកទេសចរជាហូរហែបានលៃលកធ្វើដំណើរដោយខ្លួនឯង ឬតាមក្រុមហ៊ុនទេសចរផ្សេងៗដែលរៀបដំណើរកម្សាន្តទៅទីនោះផងដែរ។
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចាប់អារម្មណ៍ ពុទ្ធគីរីកម្ពុជា នេះយ៉ាងខ្លាំងក៏ព្រោះតែមានការកសាងព្រះពុទ្ធបដិមាយ៉ាងច្រើនរហូតដល់ទៅ ៨៤ ០០០ អង្គ ដោយមានព្រះអង្គធំមួយអង្គចំកណ្តាលភ្នំ បានធ្វើឱ្យអ្នកទស្សនាប្លែកភ្នែក ជាមួយព្រះពុទ្ធបដិមាពីកំពូលភ្នំចុះមកក្រោមដ៏ស្រស់ស្អាតក្រៃលែង។ ហើយបច្ចុប្បន្ននេះ ពុទ្ធគីរីកម្ពុជា បានក៏សាងព្រះពុទ្ធបដិមាចំនួន ២០ ០០០ អង្គរួចហើយ។
ការកសាង ព្រះពុទ្ធបដិមាចំនួន ៨៤ ០០០ អង្គនេះ គឺប្រតិស្ឋានឡើង ដើម្បីឧទ្ទិសចំពោះព្រះធម៌ដែលព្រះដ៏មានព្រះភាគជាម្ចាស់បានទ្រង់ត្រាស់សម្តែងទុកក្នុងគម្ពីរព្រះត្រៃបិដកចំនួន ៨៤ ០០០ ព្រះធម្មខន្ធផងដែរ ដែលមានព្រះត្រៃបិដកសរុប ១១០ ក្បាលបែងចែកជាបីផ្សេងគ្នា មានព្រះវិន័យ ព្រះសូត្រ និង ព្រះអភិធម្មសម្រាប់បូជាតំណាងឱ្យព្រះពុទ្ធរូបមួយព្រះអង្គសម្រាប់តំណាងឱ្យមួយព្រះធម្មខន្ធ។ បើតាមការអំពាវនាវពីព្រះសង្ឃ និងគណៈកម្មាធិការនៅទីនោះថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ញាតិញោម ជាពុទ្ធបរិស័ទ ទាំងក្នុង និងក្រៅប្រទេសសូមអញ្ជើញមកទស្សនាផ្ទាល់ និងអាចជាវរូបពុទ្ធបដិមាយកមកដាក់នៅលើភ្នំនេះ ដោយមានសរសេរឈ្មោះភ្ជាប់នឹងពុទ្ធបល្ល័ង្ក តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។