រមណីយដ្ឋានតាតៃ – តំបន់ធម្មជាតិ ៖ រមណីយដ្ឋានទឹកជ្រោះតាតៃ ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង និងមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។
រមណីយដ្ឋាននេះ ជាតំបន់អេកូទេសចរណ៍មួយ ដែលទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ មិនអាចនឹងមើលរំលងនៅពេលមកកំសាន្តក្នុងខេត្តកោះកុង។ ទេសភាពព្រៃប្រឹក្សាដ៏ខៀវស្រងាត់ បានឆក់នូវភាពស្មុគស្មាញ និងរំសាយអារម្មណ៍ជាមួយនឹងខ្យល់អាកាសបរិសុទ្ធលាយឡំនឹងទិដ្ឋភាពនៃទឹកហូរកាត់តាមផ្ទាំងថ្មធំៗ។
ឋានសួគ៌ធម្មជាតិតាតៃស័ក្តសមសម្រាប់ អ្នកចូលចិត្តភាពស្ងប់ស្ងាត់ព្រមទាំងស្រលាញ់ធម្មជាតិ ជាពិសេសអ្នកដែលមានអារម្មណ៍ស្មុគស្មាញ ពេលទៅ ឃើញទិដ្ឋភាពនៅទីនោះ ប្រាកដជាធ្វើឱ្យរសាយបាត់អស់ទុក្ខកង្វល់ជាមួយខ្យល់អាកាសដ៏បរិសុទ្ធ នៃ រមណីយដ្ឋានធម្មជាតិតាតៃជាក់ជាមិនខាន។ តាតៃមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមកោះកុង តាមបណ្តោយផ្លូវជាតិលេខ៤៨ ក្នុងភូមិតាតៃ ឃុំតាតៃ ស្រុកស្មាច់មានជ័យ ហើយភ្ញៀវទេសចរត្រូវធ្វើដំណើរ បន្ត ដោយទូកប្រមាណជា២០នាទីទៀតទើបទៅដល់។
ស្ទឹងតាតៃ ដែលមានទឹកថ្លាដូចជាកញ្ចក់ និងមានព្រៃឈើដុះអមសងខាងពណ៌ខៀវខ្ចី នៅគ្រប់រដូវកាល ហើយមានភាពស្ងាត់ជ្រងំកាលពីពេលមុននោះ ឥឡូវនេះ កំពុងក្លាយទៅជាឋានសួគ៌សម្រាប់អ្នក ដែលស្រឡាញ់ធម្មជាតិក្នុងការទៅគយគន់ពេចពិលរមិលមើល និងស្រូបយកខ្យល់អាកាសនៅទីនោះ។ចាប់តាំងពីមានការសាងសង់ផ្ទះបណ្តែតទឹកសម្រាប់ឱ្យអ្នកទៅលេងកម្សាន្តស្នាក់នៅលើដងស្ទឹងនេះកាលពីឆ្នាំ ២០០៩មក ស្ទឹងតាតៃបានក្លាយទៅជាកន្លែង ដែលមានភាពអ៊ូអរ និងជាតំបន់ទេសចរណ៍យ៉ាងប្រណីតមួយ របស់ខេត្តកោះកុង ដែលមានភាពទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ឋានសួគ៌មួយ ដែល កម្របានជួបប្រហែលជាគ្មានកន្លែងណាមានធម្មជាតិស្រស់ស្អាត ដូចជាតំបន់ស្ទឹងតាតៃឡើយ ដែលធ្វើឱ្យអ្នក ទេសចរបានឃើញហើយមានអារម្មណ៍ដក់ជាប់នៅក្នុងចិត្តមិនចេះរសាយនោះ។
មនុស្សគ្រប់វ័យ និងគ្រប់ជាតិ សាសន៍កាលបើបានទៅដល់តាតៃ ពួកគេមិនភ្លេចគយគន់ទេសភាពព្រៃឈើក្រាស់ៗ ហើយនឹងងូតទឹកលេង កម្សាន្តឡើយ។ ពីកន្លែងមួយទៅកន្លែងមួយនៅជុំវិញតំបន់ផ្ទះបណ្តែតទឹកស្ទឹងតាតៃធម្មជាតិមានភាព ស្រស់ បំព្រងជានិច្ច។ នៅអមសងខាងមាត់ស្ទឹង ដើមចាកជាច្រើនដុះច្រូងច្រាងដូចម្រាមដៃលាយឡំជាមួយ រុក្ខជាតិ ព្រៃផ្សេងៗទៀត បញ្ចោញសម្រស់ពណ៌ខៀវស្រងាត់ យោលយោកទៅតាមកម្លាំងខ្យល់បោក បក់ហាក់ដូចជា ចង់ហក់មកទទួលស្វាគមន៍ភ្ញៀវ ដែលកំពុងតែជិះទូកលេងកម្សាន្តនៅលើដងស្ទឹង។អ្នកទេសចរ ដែលទៅ លេងកម្សាន្តនៅតំបន់នេះ ពួកគេមិនត្រឹមតែអាច គយគន់មើលទេសភាព និងងូតទឹកស្ទឹងនេះលេង កម្សាន្ត ប៉ុណ្ណោះទេ តែគេក៏អាចឡើងភ្នំទៅលេងតំបន់ទឹកធ្លាក់ ទស្សនាភូមិសហគមន៍ និងមើលអំពិលអំពែក ដែល ហើរឆ្វែលឆ្វាត់នៅលើព្រៃកោងកាងក្នុង ពេលរាត្រីបានទៀតផង។