ខ្ទឹមសជាញឹកញាប់ត្រូវបានគេប្រើប្រាស់ជាគ្រឿងទេសទៅក្នុងមុខម្ហូបមួយចំនួន ហើយប្រសិនអ្នកចង់ទាញប្រយោជន៍សំខាន់ចេញពីវា នោះអ្នកអាចបឺតខ្ទឹមសនៅចន្លោះបបូរមាត់រៀងរាល់ព្រឹក រយៈពេល ៣០ នាទី ហើយនឹងឃើញផលអស្ចារ្យជាច្រើនកើតឡើងមក។
បញ្ជាក់ថា ខ្ទឹមសត្រូវបានគេចាត់ទុកជាឱសថមានសមត្ថភាពការពារ និងព្យាបាលជំងឺជាច្រើន ហើយវាមានលក្ខណៈសម្បត្តិអាចប្រឆាំងមេរោគខ្ពស់ ដោយសារតែជាតិអង់ទីប៊ីយោទិច អាលីស៊ីន មាននៅក្នុងនោះ ដែលជួយព្យាបាលជំងឺផ្តាសាយ ក្រិនសរសៃឈាម តម្រងនោម… ហើយក៏អាចសម្លាប់មេរោគ និងប្រឆាំងការរលាគផ្សេងៗផងដែរ។
អ្នកអាចសាកល្បងយកខ្ទឹមសមួយកំពិសមកបឺតជញ្ជក់រយៈពេល ៣០ នាទី រៀងរាល់ព្រឹក ហើយសឹមខ្ជាក់វាចេញ រួចលាងមាត់របស់អ្នកជាមួយទឹកក្តៅឧណ្ឌៗ។ ដើម្បីកម្ចាត់ភាពកំពុល អ្នកអាចទទួលទានទឹកដោះគោស្រស់មួយកែវជាការស្រេច។
និយាយពីប្រយោជន៍របស់វាវិញគឺមានច្រើន ហើយអ្នកនឹងឃើញផលត្រឹមរយៈពេល ៣-៤ ថ្ងៃបន្ទាប់គឺដូចជា៖ ជួយសម្អាតសរសៃឈាម ជំរុញប្រព័ន្ធរំលាយអាហារឲ្យដំណើរការបានល្អ បំបាត់ការក្អកការស្លេសយ៉ាងមានប្រសិទ្ធភាព បញ្ចៀសការកើតជំងឺផ្តាសាយនិងជំងឺផ្លូវដង្ហើមនៅរដូវរងា ពង្រឹងប្រព័ន្ធការពាររាងកាយ ជួយព្យាបាលជំងឺស្លេកស្លាំង រលាកទងសួត កម្ចាត់គ្រួសក្នុងតម្រងនោម និងជួយសម្អាតប្រហោងធ្មេញ កម្ចាត់ក្លិនមិនល្អក្នុងមាត់ជាដើម។
ប្រសិនក្នុងករណីអ្នកគិថា មួយកំពិសធំវាពិបាកដាក់ជាប់ចន្លោះបបូរមាត់នោះពេក អ្នកអាចកាត់វាពាក់កណ្តាល ឬ ១/៤ ក៏បាន។ យ៉ាងណាសម្រាប់ក្មេងតូចៗមិនណែនាំឲ្យធ្វើបែបនេះទេ ហើយអ្នកមានជំងឺក្រពះ ក៏មិនណែនាំដូចគ្នា៕