អ្វីដែលជាការពិតមិនអាចប្រកែកបានគឺថា យើងសុទ្ធតែធ្លាប់ទប់នោមនៅពេលណាមួយក្នុងជីវិតរបស់យើង។ ជាពិសេសគឺនៅពេលដែលកំពុងព្យាយាមគេងឱ្យលក់។ វាមិនមែនជាបញ្ហាអ្វីធំដុំទេ បើគ្រាន់តែទប់នោមម្តងម្កាលនោះ។ តែនៅពេលវាក្លាយទៅជាទម្លាប់ វានឹងធ្វើឱ្យមានបញ្ហាសុខភាពជាច្រើនទៀត ដែលអ្នកនឹងបានស្គាល់នៅថ្ងៃនេះ។
១. បញ្ហាប្លោកនោម
ប្លោកនោមគឺជាកន្លែងដែលរាងកាយផ្ទុកទឹកនោម។ ការស្តុកទឹកនោមយូរពេក អាចធ្វើឱ្យសាច់ដុំប្លោកនោមចុះខ្សោយ ហើយមិនអាចទប់ទឹកនោមបានដូចធម្មតាទេ។ អ្នកប្រហែលជាធ្លាប់ឃើញគេសើចលេចនោមហើយ។ នេះគឺមកពីម្នាក់នោះមានប្លោកនោមខ្សោយ។ ដូចនេះ ការទប់ទឹកនោមយូរ នឹងធ្វើឱ្យអ្នកមិនអាចគ្រប់គ្រងការនោមរបស់អ្នកបាន។
២. បញ្ហាមេរោគឆ្លងនៅប្រព័ន្ធទឹកនោម
ការឈឺចាប់ពេលបត់ជើងតូច ការមានក្លិនទឹកនោមខុសធម្មតា និង ឈឺពោះជាដើម គ្រាន់តែជាបញ្ហាមួយចំនួនដែលអាចកើតមានឡើងនៅពេលដែលមានការបង្ករោគនៅក្នុងប្រព័ន្ធទឹកនោម។ ពេលអ្នកទប់ទឹកនោមយូរ មេរោគងាយនឹងដុះនៅតាមបំពង់បង្ហូរទឹកនោម ហើយរាលដាលដេញមកខាងលើ។ វាជាជម្ងឺមួយដែលទាមទារឱ្យអ្នកទៅពេទ្យ។
៣.គ្រួសក្នុងតម្រងនោម
ក្រៅពីការទទួលទានទឹកមិនគ្រប់គ្រាន់ ការទប់នោមក៏ជាកត្តាប្រឈមមួយដែរ ដែលងាយធ្វើឱ្យកើតគ្រួសក្នុងតម្រងនោម។ នេះក៏ដោយសារតែទឹកនោមរបស់អ្នកឡើងខាប់នៅក្នុងប្លោកនោម និង តម្រងនោមរបស់អ្នក ហើយងាយកកទៅជាដុំកំបោរតូចៗ ដែលយូរទៅវានឹងបង្កទៅជាដុំគ្រួស៕