សៀមរាបគឺជាខេត្តមួយនីភាគពាយ័ព្យនៃប្រទេសកម្ពុជាជាប់បឹងទន្លេសាប និងជាខេត្តប្រកបដោយសក្តានុពលទេសចរខ្ពស់ សម្បូរទៅដោយប្រាង្គប្រាសាទបុរាណ យ៉ាងច្រើនសម្បូរបែប និងតំបន់ទេសចរប្រកបទៅដោយទេសភាពស្រស់ត្រកាល ច្រើនអនែក ជាទិសដៅយ៉ាងសំខាន់ដែលប្រិយមិត្តមិនគួរមើលរំលង។
ថ្ងៃនេះសូមណែនាំប្រិយមិត្តអោយស្គាល់រមណីយដ្ឋានកែច្នៃដ៏ថ្មីសន្លាងមួយទៀត មានទីតាំងជាប់បឹងទន្លេសាបមានឈ្មោះ “ខ្ទមលំហែ” ដែលទីតាំងនេះបាន និងកំពុងត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរអោយចូលទៅទស្សនាកម្សាន្ត។
បើយើងធ្វើដំណើរប្រមាណជា១២គីឡួម៉ែត្រ ចេញពីក្រុងសៀមរាប នោះប្រិយមិត្តនឹងទៅដល់រមណីយដ្ឋានកែច្នៃ “ខ្ទមលំហែ” នៅជាប់ជើងភ្នំប្រាសាទភ្នំក្រោម មិនខាន ដែលស្ថិតនៅភូមិមួយមានឈ្មោះ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាបក្រុងសៀមរាប ខេត្តសៀមរាប។”ខ្ទមលំហែ” ជាទីកម្សាន្តមានទេសភាពស្រុកស្រែស្អាតកម្រប្រទះរំលេចទៅដោយសួនផ្កាចម្រុះពណ៌ដុះជ្រៀតគ្នាប្រជែងសម្រស់បង្អួតភ្នែកភ្ញៀវទេសចរបន្ទាប់ពីបានទស្សនាហើយរសាយអស់រាល់ទុក្ខកង្វល់ទាំងឡាយ។
មិនត្រឹមតែប៉ុណ្ណោះ “ខ្ទមលំហែ” ក៏អាចទទួលស្វាគមន៍ភ្ញៀវអោយចូលទៅទស្សនាជាលក្ខណៈគ្រួសារ គូរស្នេហ៍ ឬក្រុមការងារក៏បាន ហើយថែមទាំងមានប្លង់ថតរូបស្អាតៗផងដែរ។បន្ថែមពីនេះ ភ្ញៀវទាំងឡាយក៏អាចអង្គុយទទួលទានអាហារនៅក្នុងខ្ទមគយគន់ទេសភាព ស្រូបយកខ្យល់បរិសុទ្ធ ទស្សនាថ្ងៃលិចជាដើម៕