ប៉ៃលិន៖ មានប្រសាសន៍ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំមន្ត្រីរាជការ និងក្រុមការងារ អញ្ចើញចុះសំណេះសំណាលសួរសុខទុក្ខ និងជួយទិញបន្លែបង្ការបស់ប្រជាកសិករ ដែលកំពុងជួបបញ្ហាទីផ្សារក្នុងអំឡុងវិបត្តិកូវីដ-១៩ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីយកមកធ្វើម្ហូបអាហារសម្រាប់ពលករកំពុងធ្វើចត្តាឡីស័ក និងព្យាបាលជម្ងឺកូវីដ-១៩ តាមមណ្ឌលនានាក្នុងខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជំរុញដល់បងប្អូនប្រជាកសិករឱ្យខិតខំចិញ្ចឹមសត្វ និងដាំដុះបន្លែបង្ការសិរីរាង្គ តាមបែបធម្មជាតិ និងតម្រូវតាមទីផ្សារ ដើម្បីលើកកំពស់ជីវភាព ក្នុងអំឡុងវិបត្តិកូវីដ-១៩។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំអោយមានផ្សារចុងសប្តាហ៍ ដែលមានទីតាំងស្ថិតនៅខាងមុខមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តសម្រាប់ប្រជាកសិករលក់កសិផល មានដូចជា៖ បន្លែ ផ្លែឈើ ត្រីសាច់ ដែលជាផលិតផលរបស់បណ្តុំផលិតផលក្នុងស្រុក តាមបែបធម្មជាតិ ក្រោមកិច្ចសហការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ ដូច្នេះតម្រូវឱ្យបងប្អូនប្រជាកសិករយើង បង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀត ដើម្បីធ្វើការផ្គត់ផ្គង់អោយបានទាន់ពេលវេលា និងតាមតម្រូវការទីផ្សារ ក្នុងតម្លៃមួយសមរម្យ ហើយជាសវាងការចិញ្ចឹម និងការដាំដុះដំណាំដែលគ្មានគុណភាព និងមិនមានទីផ្សារ។
លោកជំទាវអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ ក្នុងដំណាក់កាលការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានផ្តល់ថវិកាឧបត្ថម្ភ និងជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន តាមរយៈការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងពូជ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយដោះស្រាយ បញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើឡើង ហើយពេលថ្មីៗនេះ សម្តេចទាំងទ្វេរ ក៍បានជួយទិញផ្លែមៀនប៉ៃលិន ពីកសិករយើង ដែលកំពុងមានបញ្ហាទីផ្សារផងដែរ ដោយរដ្ឋបាលខេត្តជាអ្នកប្រមូលទិញពីកសិករក្រីក្រដែលជាម្ចាស់ចំការផ្ទាល់តែម្តង ដើម្បីយកមកចែកជូន ដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងក្រុមគ្រូពេទ្យជួរមុខ ព្រមទាំងប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក និងកំពុងព្យាបាលជំងឺកូវីដ-១៩ នៅតាមមណ្ឌល។
ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាកសិកររស់នៅក្នុងខេត្តប៉ៃលិនទាំងអស់ ដែលដាំបន្លែបង្ការជាលក្ខណះគ្រួសារ ហើយពេលទទួលផល មិនមានទីផ្សារ ឬ ឈ្មួញកណ្តាលអោយក្នុងតំលៃថោកក្រោមទីផ្សារ សូមទំនាក់ទំនងមកក្រុមការងារ ឬ រដ្ឋបាលក្រុង/ស្រុក នោះរដ្ឋបាលខេត្ត នឹងទទួលទិញ ដើម្បីយកមកធ្វើម្ហូបអាហារជូនបងប្អូនពលករ កំពុងធ្វើចត្តាឡីស័ក និងព្យាបាលជម្ងឺកូវីដ-១៩ តាមមណ្ឌលនានាក្នុងខេត្ត ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ៕
សូមបញ្ជាក់ថា៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បានជួយទិញបន្លែបង្ការបស់ប្រជាកសិករ ដែលកំពុងជួបបញ្ហាទីផ្សារក្នុងអំឡុងវិបត្តិកូវីដ-១៩ ដើម្បីយកមកធ្វើម្ហូបអាហារសម្រាប់ពលករកំពុងធ្វើចត្តាឡីស័ក រួមមាន៖ ស្ពៃខាត់ណា ត្រសក់ ល្ហុង ម្ទេស ត្រប់ និងមើមការ៉ុត ព្រមទាំងឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កសិករ ក្នុង១គ្រួសារៗ ចំនួន ១០ម៉ឺនរៀល និងកសិករគម្រូ ចំនួន ១លានរៀល ដើម្បីពង្រីកការដាំដុះបន្លែសរីរាង្គបន្ថែមទៀតផងដែរ។
អត្ថបទ៖ លោក ញ៉ឹប បូរី