តាមជំនឿខ្មែរបុរាណ មុនសម្រាល និងក្រោយសម្រាលកូនរួច ស្រីៗតែងតែនិយមប្រើថ្នាំខ្មែរ ដែលផ្សំមកពីមែក ឫស ស្លឹករុក្ខជាតិផ្សេងៗយកទៅរម្ងាស់ រួចយកទឹកមកផឹក ដែលពួកគេជឿថាអាចជំនួយសុខភាពស្ត្រីដែលទើបតែសម្រាលរួច។ តែយ៉ាងណាបើតាមវិទ្យាសាស្ត្រការដាំរុក្ខជាតិផ្តេសផ្តាសទទួលទាន អាចធ្វើឱ្យស្ត្រីជួបនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ។ ជាទូទៅគ្រូពេទ្យតែងតែជំទាស់ និងហាមប្រាមម៉ាក់ៗមិនផឹកថ្នាំខ្មែរដាច់ខាត ព្រោះថាថ្នាំទាំងនោះគ្មានការពិសោធន៍ មិនដឹងពីប្រភពច្បាស់លាស់។
#មុនសម្រាល
តាមទម្លាប់ចាស់បុរាណ តម្រូវឲ្យស្រីៗប្រើថ្នាំខ្មែរទាំងអំឡុងពេលពពោះ និងក្រោយពេលសម្រាល។ ការញ៉ាំថ្នាំខ្មែរអំឡុងពេលពពោះៗ ចាស់ៗមានជំនឿថា កើតកូនស្រួល ឈឺពោះមិនយូរនោះទេ ផ្ទុយស្រឡះទៅវិញ តាមក្បួនពេទ្យហាមផ្តាច់ចំពោះការប្រើថ្នាំបុរាណពេលពពោះ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានបញ្ជាក់ពីមូលហេតុដែលគ្រូពេទ្យហាមម៉ាក់ៗមិនឲ្យញ៉ាំថ្នាំខ្មែរថា ថ្នាំបុរាណខ្មែរដែលផ្សំពីដើម ស្លឹក មែក ឬឫសរុក្ខជាតិ យកទៅដាំទឹកផឹកនោះមិនត្រឹមតែមិនអាចជួយដល់សុខភាពស្រីៗពេលពពោះនោះទេ តែវានឹងបង្កផលប៉ះពាល់ដល់សុខភាពម្តាយ និងកូនក្នុងពោះថែមទៀត។
ចំពោះការលើកឡើងថា ផឹកថ្នាំបុរាណ ធ្វើឲ្យកូនកើតស្រួលនោះ លោកវេជ្ជបណ្ឌិតអះអាងថា មិនពិតនោះទេ កត្តាដែលជំរុញឲ្យស្រីៗកើតកូនស្រួល គឺម៉ាក់ៗមានអាងត្រគាកធំល្អ កូនមិនថ្លោសពេក សុខភាពម្តាយល្អ ភាពរហ័សរហួនពេលពពោះ រាងកាយមាំមួន មិនមានជំងឺប្រចាំកាយអ្វីមកពាក់ព័ន្ធ។
ផលប៉ះពាល់នៃការប្រើថ្នាំបុរាណពេលពពោះ៖
– សុកក្រិន ស្អិតជាប់ស្បូន
– សុកអត់ធ្លាក់
– ទឹកភ្លោះមិនថ្លាល្អ
– មាត់ស្បួនមិនបើក
– កូនពិបាកកើត
– ធ្លាក់ឈាមខ្លាំង
– ឈាមរាវ
– កូនខ្សោយ ឬស្លាប់ក្នុងពោះ។
#ក្រោយសម្រាល
បើតាមលោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាទីប្រឹក្សាផ្នែកសម្ភព នៅមន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹងថា៖ “ថ្នាំពេទ្យដែលអនុញ្ញាតឲ្យប្រើប្រាស់ទាំងអស់សុទ្ធតែឆ្លងកាត់ការសិក្សា ឆ្លងកាត់ការពិសោធន៍ ថ្លឹងថ្លែងបានត្រឹមត្រូវ ថាប៉ុន្មានមិល្លីក្រាម លេបបានប៉ុន្មានដង។ តែបើថ្នាំខ្មែរវិញចេះតាមគ្នាថា ដាក់មួយឆ្នាំង ទឹក៣ យកទឹក១ បែបនេះមិនដឹងថាមានន័យយ៉ាងម៉េច បានលទ្ធផលយ៉ាងម៉េច”។
លោកជំទាវវេជ្ជបណ្ឌិតដែលធ្វើការនៅវិស័យសុខាភិបាលជាង ៣០ ឆ្នាំរូបនេះបានបន្តទៀតថា ថ្នាំដែលមិនបានយកមកវិភាគ ឬសិក្សាត្រឹមត្រូវអាចបណ្ដាលឲ្យអ្នកប្រើបែកគ្រាប់ឈាម។ ម្យ៉ាងទៀតថ្នាំខ្លះអាចបណ្ដាលឲ្យម៉ាក់ៗស្ទះតម្រងនោម ឬនោមមកឈាមក៏មានដែរ ក្ដៅក្រហល់ក្រហាយ សន្លប់ស្ដូកស្ដឹងទៀតផង។
មិនត្រឹមប៉ះពាល់ដល់ខ្លួនឯងប៉ុណ្ណោះទេ ករណីខ្លះទៀតម៉ាក់ៗដែលបំបៅដោះ អាចបណ្ដាលឲ្យកូនស្គមស្គាំង រាករូស និងហើមពោះផងដែរ ព្រោះទឹកដោះមានសារជាតិចិញ្ចឹមមិនគ្រប់គ្រាន់បណ្ដាលមកពីការប្រើថ្នាំខ្មែរ។ សម្រាប់ម៉ាក់ៗដែលកំពុងពពោះក៏មិនត្រូវផឹកថ្នាំឆ្នាំង ឬថ្នាំផ្សេងពីរុក្ខជាតិដែរ ព្រោះអាចបណ្ដាលឲ្យកូនក្នុងពោះមានបញ្ហាទឹកភ្លោះជាដើម៕