នៅក្នុងយុគសម័យដែលពោរពេញដោយភាពមមាញឹកនេះ មនុស្សភាគច្រើនមិនសូវយកចិត្តទុកដាក់ថែរក្សាសុខភាពប៉ុន្មានទេ។ ជាពិសេសរឿងសុខភាពភ្នែកដែលមួយថ្ងៃៗត្រូវសំឡឹងអេក្រង់គ្រឿងអេឡិចត្រូនិចជាច្រើនម៉ោង។
ពន្លឺពណ៌ផ្ទៃមេឃដែលចេញពីអេក្រង់ទូរស័ព្ទ និងកុំព្យូទ័រធ្វើឱ្យភ្នែកស្រវាំង និងចាប់ផ្តើមម្ញ៉ូបម្តងបន្តិចៗ។ ការនៅហាលថ្ងៃ ឬត្រូវខ្យល់យូរពេក ក៏ជាមូលហេតុធ្វើឱ្យប៉ះពាល់ភ្នែកដែរ ទម្រាំតែយើងបានដឹងវាធ្ងន់ធ្ងរបាត់ទៅហើយ។ ប្រសិនបើបណ្តោយបែបនេះយូរៗទៅនិងមានផលប៉ះពាល់កាន់តែខ្លាំង។
តាមបទពិសោធន៍ជាក់ស្តែងពីអ្នកជំនាញ បានណែនាំឱ្យទទួលទានទឹកល្ពៅជាប្រចាំព្រោះវាមានមុខងារថែរក្សាភ្នែកបានយ៉ាងល្អ។ ការទទួលទានទឹកល្ពៅនឹងជួយឱ្យភ្នែកមើលឃើញកាន់តែច្បាស់ ជួយប្រព័ន្ធបញ្ចេញចោល និងបញ្ចុះជាតិស្ករនៅក្នុងឈាមបានយ៉ាងល្អ។ ចំណែកឯរូបមន្តក្នុងការធ្វើទឹកល្ពៅវិញ មានចែកជូននៅខាងក្រោមនេះ។
*គ្រឿងផ្សំ ៖
- ល្ពៅ ១ ផ្លែ
- ទឹកស្អាត ២ លីត្រ
- អំបិលម៉ដ្ឋ ២ ស្លាបព្រាកាហ្វេ
- ទឹកដោះគោស្រស់ (រសជាតិសាប) ២០០ មីលីលីត្រ
- ស្ករស ដាក់តិចឬច្រើនអាស្រ័យតាមចំណូលចិត្ត
*វិធីធ្វើទឹកល្ពៅ ៖១. យកល្ពៅមកចិតសំបករួចយកទៅលាងទឹកឱ្យស្អាត។ រួចយកល្ពៅមកចិតជាដុំៗដើម្បីងាយស្រួលក្នុងការក្រឡុក ប្រសិនបើមិនមានម៉ាស៊ីនក្រឡុកទេអាចច្របាច់ជំនួសវិញក៏បានដែរ។
២. ដាក់ឆ្នាំងដាំទឹកដើម្បីស្ងោរល្ពៅឱ្យទន់និងឆ្អិនល្អ ក្នុងរយៈពេលប្រហែល ១៥ នាទី។ ពេលគ្រប់១៥ នាទីហើយស្រង់យកល្ពៅទៅក្រឡុក ឬច្របាច់ឱ្យម៉ដ្ឋ។
៣. ពេលល្ពៅម៉ដ្ឋល្អហើយចាក់ចូលឆ្នាំងមួយដើម្បីធ្វើការដាំទឹកល្ពៅ។ រួចបន្ថែមទឹកស្អាតចូលទៅដោយប្រើភ្លើងកម្រិតមធ្យម បន្ទាប់មកចាក់ទឹកដោះគោសាបចូល។ ត្រូវឧស្សាហ៍កូរដើម្បីកុំឱ្យខ្លោចឆ្នាំង ដាក់ស្ករសបន្តិចចូលទៅដើម្បីបន្ថែមរសជាតិផ្អែមដែលអ្នកត្រូវការ។ ប៉ុន្តែសូមណែនាំថាកុំដាក់ច្រើនពេកដើម្បីទទួលបានសុខភាពល្អ។ បន្ទាប់មកកូរជារឿយៗដើម្បីឱ្យស្កររលាយអស់។
៤. ពេលគ្រឿងផ្សំទាំងអស់ចូលជាតិគ្នាហើយ នៅបន្តកូររហូតទាល់តែពុះ។ ពេលពុះហើយធ្វើការបិទភ្លើងរួចទុកចោលមួយសន្ទុះឱ្យត្រជាក់ល្មមអាចយកមកទទួលទានបានហើយ។
*ប្រយោជន៍ផ្សេងៗដែលមានក្នុងទឹកល្ពៅ ៖
- ល្ពៅជាប្រភេទបន្លែផ្លែឈើដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព អាចទទួលទានជាប្រចាំបានព្រោះវាជួយឱ្យក្មេងជាងវ័យ ថែមទាំងបំបាត់ស្នាមជ្រីវជ្រួញដែលបានយ៉ាងល្អ។ សាកសមចំពោះបងប្អូនស្រ្តីដែលស្រឡាញ់ការថែរក្សាសម្រស់បែបធម្មជាតិ។
- គុណសម្បត្តិលេចធ្លោដែលនឹងទទួលបានពីទឹកល្ពៅគឺ ធ្វើឱ្យភ្នែករឹងមាំ មើលឃើញច្បាស់ ពង្រឹងខ្សែភ្នែកឱ្យកាន់តែមានប្រសិទ្ធភាព។ - សាងប្រព័ន្ធភាពស៊ាំ ឬអង់ទីគ័រដែលល្អសម្រាប់រាងកាយ។ ជាតិប្រេងដែលមាននៅក្នុងគ្រាប់ល្ពៅជួយពង្រឹងប្រព័ន្ធប្រសាទបានយ៉ាងមិនគួរឱ្យជឿ។
- នៅក្នុងល្ពៅមានជាតិកាល់ស្យូម រួមចំណែកក្នុងការបង្កើតជាតិកូឡាជែនក្រោមស្បែក ធ្វើឱ្យស្បែកហ្មត់រលោង និងជួយឱ្យស្បែកមានសុខភាពល្អចេញពីខាងក្នុង។
- ល្ពៅមានផ្ទុកជាតិខ្លាញ់តិច ប៉ុន្តែមានកាកសរសៃខ្ពស់ ដែលផ្តល់ផលល្អចំពោះរាងកាយច្រើនយ៉ាង៕