វីតាមីនសេ មានសារៈសំខាន់ណាស់ចំពោះរាងកាយ ជាពិសេសជួយជម្រុញការផលិតកូឡាជែនដែលជាសារធាតុចម្បងនៅក្នុងស្បែក។ ខាងក្រោមនេះគឺជាភេសជ្ជៈ ៥ មុខដែលអ្នកអាចសាកល្បងធ្វើដោយខ្លួនឯង និងគួរទទួលទានជាប្រចាំដើម្បីឱ្យស្បែកមានភាពភ្លឺរលោងតាមបែបធម្មជាតិ។
១. ទឹកក្រូចនិងខ្ញី៖ ក្រូចគឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយវីតាមីនសេ និងសារធាតុរ៉ែមានប្រយោជន៍ជាច្រើនសម្រាប់រាងកាយ។ នៅក្នុងផ្លែក្រូច ១០០ ក្រាមមានផ្ទុកបរិមាណវីតាមីន C ៦៤%នៃបរិមាណដែលគួរទទួលទានប្រចាំថ្ងៃ នេះបើយោងតាមវិទ្យាស្ថានវេជ្ជសាស្រ្តនៃវិទ្យាស្ថានជាតិអប់រំសហរដ្ឋអាមេរិក។ នៅពេលខ្ញី និងផ្លែក្រូចលាយបញ្ចូលគ្នាបង្កើតបានជាទឹកឌីថក់ដែលល្អចំពោះស្បែក ពីព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។
២. ទឹកក្រឡុករសជាតិគីវី និងស្វាយ៖ ស្វាយក៏ជាផ្លែឈើដែលសម្បូរទៅដោយវីតាមីន C រហូតដល់ ៦០% នៃតម្រូវការប្រចាំថ្ងៃរបស់រាងកាយ។ ទឹកក្រឡុកដែលផ្សំដោយផ្លែស្វាយ និងគីវី គឺជារូបមន្តដ៏អស្ចារ្យដែលធ្វើឱ្យស្បែករបស់អ្នកសភ្លឺរលោងចេញពីខាងក្នុង។ ៣. ជីអង្កាម ផ្លែគីវី ក្រូចឆ្មារ៖ ផ្លែគីវីនិងក្រូចឆ្មារសុទ្ធតែសម្បូរទៅដោយវីតាមីន C។ ជាការពិតទៅ ផ្លែគីវីគឺជាប្រភពវីតាមីនសេដ៏ល្អបំផុតមួយប្រភេទដែរ។ នេះគឺជាភេសជ្ជៈដ៏ល្អមួយមុខទៀតក្នុងការបញ្ចុះកម្តៅ គួបផ្សំនឹងការបន្ថែមសារធាតុចិញ្ចឹមដល់រាងកាយដែលធ្វើឱ្យស្បែកមានសុខភាពល្អ។ ៤. ស្វាយទុំក្រឡុក៖ នេះអាចជាភេសជ្ជៈដែលប្លែកសម្រាប់មនុស្សភាគច្រើន ប៉ុន្តែវាពិតជាងាយស្រួលធ្វើនិងទទួលបានលទ្ធផលយ៉ាងឆាប់រហ័ស។ ភេសជ្ជៈមួយនេះមិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់ដែលបានមកពីសាច់ស្វាយមួយមុខទេ ប៉ុន្តែបើអ្នកបន្ថែមដោយទឹកក្រូចឆ្មារទៀតនោះធ្វើឱ្យវីតាមីន C និងវីតាមីនផ្សេងទៀតបានស្រូបយកដោយរាងកាយផងដែរ។ ឬរូបមន្តមួយមុខទៀត អ្នកអាចយកស្វាយក្រឡុកទៅលាយជាមួយយ៉ាអ៊ួរ ឬជាមួយផ្លែឈើដទៃទៀតដែលកាន់តែធ្វើឱ្យមានរសជាតិឆ្ងាញ់ និងទទួលបានគុណប្រយោជន៍ច្រើនយ៉ាង។ ៥. ទឹកម្នាស់ ជីអង្កាម៖ ម្នាស់ក៏ជាផ្លែឈើមួយមុខទៀតដែលសម្បូរទៅដោយវីតាមីន C ផងដែរពោលគឺ ៧៩% នៃតម្រូវការប្រចាំថ្ងៃរបស់រាងកាយមនុស្ស។ ទឹកម្នាស់ និងជីអង្កាមគឺជាភេសជ្ជៈក្នុងរដូវក្តៅដែលធ្វើឱ្យអ្នកមានភាពស្រស់ស្រាយបន្ទាប់ពីទទួលទានរួចដោយសារតែរសជាតិជូរៗ និងភាពត្រជាក់។ មិនតែប៉ុណ្ណោះ អ្នកក៏អាចបន្ថែមឱ្យរាងកាយនូវវីតាមីនសេដែលស្បែកមានសុខភាពល្អមិនអាចខ្វះបាន៕