ប៉ៃលិន៖ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញប្រគល់ថវិការឧបត្ថម្ភចំនួន ១លានរៀល និងលិខិតចូលរួមរំលែកទុក្ខរបស់រដ្ឋបាលខេត្ត ជូនដល់គ្រួសារសពលោកស្រី យ៉ាល់ លាប អាយុ ៧៤ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលស្លាប់ដោយសារជំងឺកូវីដ-១៩។
នៅក្នុងឱកាសនោះលោក ឃ្លោក នួយ អភិបាលរងខេត្ត បាននាំយកប្រសាសន៍ ចូលរួមមរណៈទុក្ខ និងចូលរួមរំលែកទុក្ខ របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចំពោះក្រុមគ្រួសារសពសព លោកស្រី យ៉ាល់ លាប ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ព្រមទាំងបានសំដែងនូវការសោកស្តាយបំផុតចំពោះការបាត់បង់សមាជិកគ្រួសារ និងសូមឧទ្ទិសឱ្យដួងវិញ្ញាណក្ខ័ន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងបានផ្តាំផ្ញើដល់ក្រុមគ្រួសារសពត្រូវកាត់ចិត្ត ហើយត្រូវតែបន្តប្រកបមុខរបររកទទួលទាន និងថែរក្សាសុខភាព អោយបានល្អ ដើម្បីជាសផុតពីជម្ងឺឈឺតម្កាត់ផ្សេងៗ ជាពិសេសជម្ងឺកូវីដ-១៩ ដោយត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាពផ្ទាល់ខ្លួន ក៍ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការការពាររបស់សម្តេចតេជោ គឺ «៣ ការពារ និង ៣ កុំ »។
ជាការឆ្លើយតប ក្រុមគ្រួសារសព លោកស្រី យ៉ាល់ លាប ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការទាំងអស់ ដែលបានគិតគូខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រមទាំងសូមបួងសួងដល់បារមីវត្ថុសាកសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សាដល់ក្រុមការងារទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច។
អត្ថបទ៖ លោក ញ៉ឹប បូរី