ខ្ជាយ ជារុក្ខជាតិឱសថបុរាណដែលភាគច្រើនមានដាំតាមផ្ទះ ហើយផ្នែកដែលគេអាចយកទៅប្រើធ្វើជាអាហារ និងឱសថនោះ គឺគល់ និងមើមខ្ជាយដែលកប់ក្នុងដី ព្រោះវាមានគុណសម្បត្តិជាច្រើនប្រភេទ។ គ្រូឱសថបុរាណខ្មែរ ច្រើនយកគល់ និងមើមខ្ជាយទៅធ្វើជាថ្នាំបំបាត់អាការឈឺពោះ កែរោគឆ្អល់ចុកសៀតក្នុងពោះ កែរោគក្រពះ ព្យាបាលដំបៅនៅក្នុងមាត់ ធ្វើជាថ្នាំបង្កើនអាយុ បង្កើនកម្លាំង និងបំបាត់រោគអសមត្ថភាពផ្លូវភេទជាដើម។
- សម្រាលអាការចុកសៀតណែនក្នុងពោះ ៖ យកមើមខ្ជាយប្រមាណជាកន្លះក្តាប់ទៅស្ងោរឱ្យពុះ រួចញ៉ាំទឹកនោះ។
- បំបាត់រោគក្រពះ ៖ ញ៉ាំមើមខ្ជាយស្រស់ៗប៉ុនម្រាមកូនដៃដោយមិនបកសម្បក មួយថ្ងៃ ៣ពេលមុនពេលបាយ ១៥នាទីរយៈពេល ២សប្តាហ៍។
- ព្យាបាលដំបៅនៅក្នុងមាត់ ៖ កិនមើមខ្ជាយទាំងសម្បកចំនួន ២មើមលាយទឹកស្អាត ២កែវ ថែមអំបិលកន្លះស្លាបព្រាកាហ្វេ រួចហើយត្រងដោយក្រណាត់ស្បៃស្អាតយកកាកចេញ ហើយយកមកខ្ពុរមាត់ មួយថ្ងៃ ៣ពេល រហូតទាល់តែដំបៅជាសះដាច់។
- ថ្នាំបង្កើនអាយុ ៖ យកម្សៅមើមខ្ជាយដែលកិនហ្មត់ស្ងួតទាំងសម្បកមកលាយជាមួយទឹកឃ្មុំ ពូតជាគ្រាប់ថ្នាំតូចៗ ញ៉ាំ ១ថ្ងៃ ១គ្រាប់ មុនពេលចូលគេង មានរបាយការណ៍ថា រូបមន្តនេះថែមទាំងអាចកាត់បន្ថយជាតិស្ករនៅក្នុងឈាមបានទៀតផង។
- ព្យាបាលអាការអសមត្ថភាពផ្លូវភេទ (ប្រដាប់បន្តពូជមិនឡើងរឹង)
វិធីទី 1 : កិនមើមខ្ជាយដែលលាងស្អាតទាំងសម្បកឱ្យបែកល្មមៗ រួចចាក់ចូលដបកែវមាត់ធំបិទគម្របឱ្យជិត រួចយកទៅក្លាស្សេទុកក្នុងទូទឹកកក ញ៉ាំមុនពេលបាយ ១៥នាទីម្តង ១ស្លាបព្រាកាហ្វេ មួយថ្ងៃ ៣ពេល ប្រមាណជា ៧ថ្ងៃ ហើយប្រសិទ្ធភាព នឹងឃើញឱ្យក្រោយពីញ៉ាំបាន ២ – ៤ថ្ងៃ។
វិធីទី 2 : យកមើមខ្ជាយដែលហាលស្ងួតហើយទៅបុកឱ្យក្លាយជាម្សៅ រួចដាក់ចូលក្នុងគ្រាប់កាប់ស៊ុល មួយគ្រាប់ ២៥០មីល្លីក្រាម ញ៉ាំមួយថ្ងៃ 1គ្រាប់ មុនពេលបាយព្រឹកក្នុងសប្តាហ៍ដំបូង និងមួយថ្ងៃ ២គ្រាប់ ពេលព្រឹកក្នុងសប្តាហ៍ទី២ បើនៅតែមិនទាន់ឃើញលទ្ធផល ចូរញ៉ាំ ២គ្រាប់មុនពេលបាយល្ងាចបន្ថែមទៀត និងសូមកុំភ្លេចហាត់ប្រាណឱ្យបានជាប់លាប់ផង ដើម្បីសុខភាពកាន់តែល្អរឹងមាំ៕