ខេត្តប៉ៃលិន ៖ កសិករម្នាក់ បានចាប់យករបរចិញ្ចឹមមាន់ស្រែបន្ថែមទៀត ក្រៅពីធ្វើចំការ នៅលើដីរបស់ខ្លួន ជាប់នឹងផ្លូវជាតិលេខ៥៧ ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយប្រើដើមទុនទិញចំណីអស់តិច បូករួមជាមួយនឹងបច្ចេកទេសផលិតចំណីធម្មជាតិ តែពេលប្រមូលផលលក់បានថវិកាច្រើនសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ហើយរូបគេក៏នឹងពង្រីកទ្រុងបន្ថែមទៀតដើម្បីចិញ្ចឹមសត្វមាន់កាន់តែច្រើនអាចចាប់លក់ បានប្រាក់ចំណូលខ្ពស់ឡើង។
លោក ផាន់ រក្សា ជាកសិករ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ថា រហូតមកដល់ពេលនេះ លោកចិញ្ចឹមមាន់ស្រែ ប្រភេទមាន់ស្គួយ សាច់ណែន ជើងលឿង បានរយ:ពេលជិត១ឆ្នាំមកហើយ ដោយចាប់លក់បានរយ:ពេល៣ដងមកហើយដែរ ។ លោកបានប្រើចំណីជារបៀបធម្មជាតិ ដោយមានពោតក្រហម កិនលាយជាមួយដើមស្មៅ ដែលការលាយផ្សំនេះ មានតម្លៃថោកបំផុត ១គីឡូក្រាម អស់ត្រឹមតែ៤០០ទៅ៥០០រៀល ប៉ុណ្ណោះ រីឯចំណីទិញនៅទីផ្សារ ក្នុង១គីឡូក្រាម ត្រូវចំណាយអស់២០០០ទៅ២៥០០រៀលឯណោះ ។ រហូតមកដល់ពេលនេះ មាន់ជិត១០០០ក្បាល ស៊ីចំណីដែលលាយខ្លួនឯង ក្នុង១ថ្ងៃ អស់ត្រឹមតែប្រហែល៣ដុល្លារបុណ្ណោះ ។ ដូច្នេះ ក្នុង១ខែ គាត់ចំណាយអស់ថវិកាត្រឹមតែជាង១លានរៀល ។ ចាប់តាំងពីចិញ្ចឹមរហូតដល់ចាប់មាន់ស្រែលក់ ចំណាយអស់ថវិកាជាង៣០០ដុល្លារ (ក្នុងរយ:ពេលជាង៣ខែ) លុះនៅពេលប្រមូលផលមកវិញ គឺបានប្រាក់ច្រើន ដោយមាន់១ក្បាលលក់បានតម្លៃចាប់ពី១៥០០០ ទៅ១៨០០០រៀល ឯណោះ ។
លោកបានបន្ត កាលពីចិញ្ចឹមលើកដំបូង គឺប្រឈមនឹងការងាប់ខូចខាតអស់ជាច្រើន ខណ:មាន់ឈឺដោយជំងឺផ្តាសាយ អត់ចេះរបៀបថែទាំ បណ្តាលឱ្យងាប់ជាអន្លើៗ។ តែក្រោយមកលោកក៏បានសួរនាំមិត្តភក្តិ និងទិញថ្នាំវ៉ាក់សាំងយកមកចាក់ខ្លួនឯង ទើបរហូតមកដល់ពេលនេះ មាន់របស់ខ្លួនមិនសូវមានបញ្ហាប្រឈមងាប់នោះទេ ។
លោកក៏សំនូមពរ ឱ្យខាងមន្ទីរកសិកម្មខេត្តប៉ៃលិន ចុះទៅបង្រៀនពីរបៀបថែទាំ និងបច្ចេកទេសចិញ្ចឹមបន្ថែម ព្រមទាំងជួយរកទីផ្សារលក់ដូរផងដែរ ពីព្រោះថាការលក់ដូរនាបច្ចុប្បន្ននេះ មិនទាន់មានទីផ្សារទូលំទូលាយនៅឡើយទេ ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក ស៊ុយ មន អនុប្រធានការិយាល័យបសុសត្វ នៃមន្ទីរកសិកម្មខេត្តប៉ៃលិន បានឱ្យដឹងថា ៖កសិករចិញ្ចឹមមាន់ស្រែ ផាន រក្សា នេះជាកសិករថ្មីនៅក្រោបណ្តុំ ដូចនេះលោកនឹងទាក់ទងឱ្យកសិករ រក្សា ចូលរួមវគ្គ បណ្តុះបណ្តាលពីរបៀបថែទាំ សត្វមាន់ចិញ្ចឹមរបស់ខ្លួន ហើយក៏នឹងពន្យល់ណែនាំពីរបៀបប្រើប្រាស់ថ្នាំវ៉ាក់សាំង ចាក់កូនមាន់ ដើម្បីការពារកុំឱ្យមានជំងឺ និងប្រាប់ពីរបៀបប្រើចំណីធម្មជាតិ ដែលដាក់ឱ្យមាន់ស៊ីឆាប់ធំ ងាយស្រួលក្នុងការលក់ដូរ ។ លើសពីនេះ កសិករ ក៏ត្រូវរៀបចំ ទ្រុងមាន់ឱ្យបានស្អាតល្អ មិនត្រូវដាក់ កន្លែងចង្អៀតពេក ជាពិសេសសត្វមាន់ធំៗ ត្រូវឱ្យស្ថិតនៅក្នុងសីតុណ្ហភាពត្រជាក់ល្មម ដែលផ្ទុយពីកូនមាន់ គឺត្រូវឱ្យនៅកន្លែងមានកំដៅខ្ពស់ជាង ៕គួររម្លឹកផងដែរថា ស្ថិតក្នុងបរិបទកូវីដ ១៩ នេះអជ្ញាធរខេត្តដែលមានលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន តែងតែឲមន្ត្រី នៃមន្ទីរកសិកម្មចុះពិនិត្យផ្ទាល់ពីស្ថានភាព ជីវភាព ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឲជីវភាពកាន់តែ ប្រសើរ ជាពិសេសការប្រកបមុខរបរចិញ្ចឹមមាន់ស្រែនេះ ពីព្រោះថាមាន់ស្រែក្នុងខេត្តប៉ៃលិន មិនបានផ្គត់ផ្គង់ គ្របគ្រាន់ នៅឡើយទេ។