ខេត្តប៉ៃលិន ៖ «អាងជីងចក់» ស្ថិតនៅក្បែរជើងភ្នំខៀវ ក្នុងភូមិអូរច្រាកើត សង្កាត់បយ៉ាខា ទួលល្វា ក្រុងប៉ៃលិន ចំណាយប្រមាណ ៤គីឡូម៉ែត្រ ពីទីរួមខេត្ត បានក្លាយទៅជាតំបន់ទេសចរណ៍ ដែលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្ត។
«អាងជីងចក់» មានភ្ញៀវទេសចរទៅលេងកម្សាន្តទាំងថ្ងៃបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ បុណ្យទានផ្សេងៗ និងថ្ងៃសម្រាកចុងសប្តាហ៍ ដោយភ្ញៀវទេសចរណ៍ទាំងក្នុងខេត្ត និងក្រៅខេត្ត បានចូលទៅកម្សាន្ត ដូចជា៖ ជិះទូកលេង ស្ទូចត្រី និងថតរូបលេង ពិសារអាហារដ៍ឈ្ងុយឆ្ងាញ់ក្រោមបរិយាកាសត្រជាក់ស្រួល ទេសភាពស្រស់ស្អាត។
បច្ចុប្បន្ន ខេត្តប៉ៃលិន មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្តក្នុងខេត្តប៉ៃលិនច្រើនកុះករគួរឱ្យកត់សម្គាល់ តាមរយៈរម្មណីយ៍ដ្ឋានទេសចរណ៍ធម្មជាតិ និងកែរច្នៃជាច្រើនកន្លែង ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ចខេត្ត និងជីវភាពរបស់ប្រជាពលរដ្ឋបានល្អប្រសើរឡើង ព្រោះវិស័យទេសចរណ៍គឺជាឧស្សាហកម្មគ្មានផ្សែង។
បើតាមរបាយការណ៍របស់ លោក លឹម វាសនា ប្រធានមន្ទីរទេសចេណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា៖ បច្ចុប្បន្នខេត្តប៉ៃលិន មានរម្មណីយដ្ឋានទេសចរណ៍ ចំនួន ០៥ ភោជនីយដ្ឋាន/អាហារដ្ឋាន ចំនួន ៩៨ សណ្ឋាគារ ចំនួន ១០ និងផ្ទះសំណាក់ ចំនួន ២៦ សរុបមានចំនួន ១០៦២បន្ទប់ ម៉ាស្សា ចំនួន ១៦ ,កីឡាទេសចរណ៍ ចំនួន ១៨, ឌីស្កូតែក ចំនួន ១ និងខារ៉ាអូខេ ចំនួន ៧។
អត្ថបទ៖ លោក ញ៉ឹប បូរី