ប៉ៃលិន៖ នៅដើមខែចុងខែមិថុនា និងដើមខែកក្កដា ឆ្នាំ២០២១នេះ អាកាសធាតុរាំងស្ងួតខ្លាំង បណ្តាលដំណាំដំឡូងមីរបស់ប្រជាកសិករនៅខេត្តប៉ៃលិន មានការខូចខាត និងរងការបំផ្លាញដោយសារសត្វល្អិតចង្រៃ ជាពិសេសគឺសត្វពីងពាងក្រហម ដែលធ្វើអោយដើមដំឡូងងាប់តែម្តង បើសិនជាធ្វើការសង្គ្រោះមិនបានទាន់ពេលវេលា។
ប្រជាកសិករ ដែលដាំដំណាំដំឡូងមី បានរៀបរាប់ថា៖ ឆ្នាំនេះដាំដំឡូងមីរបស់ពួកគាត់លូតលាស់ល្អ ពីព្រោះដើមឆ្នាំមានភ្លៀងធ្លាក់ច្រើន តែដោយសារ១រយៈនេះមិនមានភ្លៀងធ្លាក់ ស្លឹកដំឡូងមីក៍ចាប់ផ្តើមរួញឡើងពណ៌ក្រហមព្រឿងៗមិនអាចលូតលាស់ទៀតទេ ហើយឈានទៅងាប់អស់ទៅវិញ ហើយពួកគាត់ក៍បានស្នើសុំអោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយសង្គ្រោះចម្ការដំឡូងមីរបស់គាត់ផង បើមិនដូច្នេះទេដំណាំដំឡូងមីរបស់ពួកគាត់ច្បាស់ជាងាប់គ្មានសល់ទេ។
ជាក់ស្តែងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដប៉ៃលិន បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើល ផ្ទៃដីដាំដុះដំណាំដំឡូងមីដែលទទួលរងនូវផលប៉ះពាល់ និងខូចខាត ដោយសារគ្រោះធម្មជាតិរាំងស្ងួត ផង និងកត្ដាសត្វចង្រៃផង ដូចជា៖ ពពួកចៃ និងពពួកពីងពាងក្រហម ដែលបានបំផ្លាញដល់ដំណាំដំឡូងមីរបស់ប្រជាកសិករ នៅទូទាំងខេត្តប៉ៃលិន ព្រមទាំងបានផ្ដល់ជាអនុសាសន៍ខ្លះៗស្ដីពីបច្ចេកទេស និងចែកជូននូវថ្នាំកសិកម្ម (ថ្នាំកំចាត់ពពួកចៃ ដង្កូវ និងពីងពាងក្រហម) ដល់ប្រជាកសិករផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាកសិករទាំងអស់ ត្រូវខិតខំធ្វើកសិកម្មតាមក្បួនខ្នាតបច្ចេកទេស រួមមាន៖ ការងារដាំដុះ ថែរក្សា ការពារសត្វចង្រៃ ការប្រើជី និងថ្នាំពុលកសិកម្មសម្រាប់កម្ចាត់សត្វល្អិត បច្ចេកទេសក្រោយពេលប្រមូលផល ជាពិសេសការអនុវត្តកសិកម្មល្អ (Good Agricultural Practices, GAP) នៅនឹងចម្ការផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាំចេញ។
លោក ផាន សុផាន់ណារ៉ា ប្រធានការិយាល័យក្សេត្រសាស្ត្រ នៃមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ថា៖ មូលហេតុដែលបណ្តាលឱ្យកើតមានសត្វល្អិតចង្រៃ ដូចជាសត្វចៃពីងពាង្គក្រហម និងសត្វចៃពណ៌សស៊ីបំផ្លាញដំណាំដំឡូងមីនេះ គឺបណ្តាលមកពីអាកាសធាតុក្តៅភាពរាំងស្ងួតអូសបន្លាយរយៈពេលយូរ ដូច្នេះបងប្អូនត្រូវតែប្រញ៉ាប់បាញ់ថ្នាំដើម្បីកម្ចាត់វាជាបន្ទាន់ បន្ទាប់មកយើងប្រើជី ដើម្បីបំប៉ន់ដំណាំដំឡូងមីរបស់យើងឱ្យលូតលាស់ល្អឡើងវិញ តែនោះវាអាស្រ័យលើទឹកភ្លៀងផងដែរ។
បើតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានឱ្យដឹងថា៖ ក្នុងឆ្នាំ២០២១នេះ នៅទូទាំងខេត្តប៉ៃលិន ប្រជាកសិករដាំដុះដំណាំដំឡូងមីលើផ្ទៃដីសរុបចំនួន ៤៣៤៩៩ ហិកតា ក្នុងនោះខូចខាតដោយគ្រោះរាំងស្ងួត និងបំផ្លាញដោយសត្វល្អិតចង្រៃសរុបចំនួន ១២៩០ ហិកតា ហើយបច្ចុប្បន្ននេះមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត បានកំពុងចុះជួយអន្តរាគមន៍ចែកថ្នាំកសិកម្ម និងជួយបាញ់ថ្នាំសង្គ្រោះដំណាំដំឡូងមីរបស់ប្រជាកសិករ ព្រមទាំងចុះផ្សព្វផ្សាយបច្ចេកទេសដល់ប្រជាកសិករ អំពីវិធីកម្ចាត់សត្វល្អិតចង្រៃ (ពីងពាងក្រហម) ដែលបំផ្លាញដំណាំដំឡូងមី របស់ពួកគាត់ផងដែរ។
ញ៉ឹប បូរី 07-07-2021