ប៉ៃលិន៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត បានដឹកនាំអង្គភាពជំនាញពាក់ព័ន្ធ និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យមើលទីតាំងសាលារៀនមួយចំនួនក្នុងស្រុកសាលាក្រៅ ដើម្បីត្រៀមរៀបចំមណ្ឌលសម្រាប់ធ្វើចត្តាឡីស័ក និងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ បន្ថែមទៀត។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយអនុវត្តតាមការណែនាំ និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័កជាច្រើនកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រលប់មកពីតំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្ត ក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាព ជាពិសេសបងប្អូនពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស ព្រមទាំងបានរៀបចំក្រុមការងារ ដែលមានការចូលរួមពីបណ្តាមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងក្រុមយុវជន សសយក ខេត្ត ធ្វើការចម្អិនម្ហូបអាហារ សម្រាប់បងប្អូនកំពុងធ្វើចត្តាឡីស័កចំនួន ៣ពេល ជាប្រចាំថ្ងៃផងដែរ។
នៅក្នុងឱកាសចុះពិនិត្យមើលទីតាំងនេះ លោកជំទាវអភិបាលខេត្ត ក៍បានប្រសាសន៍ជម្រុញដល់លោកគ្រូអ្នកគ្រូទាំងអស់ សូមចូលរួមរៀបចំសម្អាតអនាម័យបរិស្ថានក្នុងបរិវេណសាលា និងនៅតាមបន្ទប់រៀននីមួយៗអោយបានស្អាតល្អ និងមានសោភណ្ឌភាព បើទោះបីវិស័យអប់រំ យុវជន និងកីឡាត្រូវបានផ្អាកការសិក្សារៀនសូត្រទូទាំងប្រទេសក៍ដោយ តែយើងមិនត្រូវភ្លេចឡើយ ការសម្អាតបរិស្ថាន និងថែទាំសាលារៀនរបស់យើងនោះទេ។
លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ថ្លែងការកោតសរសើ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ ព្រមទាំងមន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមគោលដៅ និងតាមមណ្ឌលចត្តាឡីស័កនានាក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ។
សូមបញ្ជាក់ថា៖ ការចុះពិនិត្យមើលទីតាំងត្រៀមរៀបចំបន្ថែមនូវមណ្ឌលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩នេះ មានចំនួន ០៤ទីតាំង គឺទី១/ សាលាវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ទី២/ សាលាបឋមសិក្សាអូរអិល ទី៣/ សាលាអនុវិទ្យាល័យផ្សារព្រំ និងទី៤/ សាលាបឋមសិក្សាអូរឈើក្រំ ៕
អត្ថបទ៖ លោក ញ៉ឹប បូរី