ប៉ៃលិន៖ នៅមន្ទីរគណបក្សខេត្ត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី និងដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណបក្សប្រជាជនកម្ពុជា ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណ:កម្មាធិការគណបក្សខេត្ត ឯកឧត្តមអ្នកតំណាងរាស្រ្ត ឯកឧត្តម លោកជំទាវគណ:អចិន្ត្រៃយ៍ និងសមាជិក សមាជិកាថ្នាក់ដឹកនាំចុះបង្រឹងមូលដ្ឋានទាំង៨ឃុំ/សង្កាត់។
បន្ទាប់ពីឯកឧត្តម កើត សុធា ទីប្រឹក្សាគណបក្សខេត្ត បានអានសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ផែនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ រួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណបក្សខេត្ត បានមានប្រសាសន៍ជម្រុញដល់ថ្នាក់ដឹកនាំបក្សនៅតាមមូលដ្ឋាន និងក្រុមការងារចុះជួយតាមឃុំ/សង្កាត់នីមួយៗ ត្រូវមានឆន្ទះ ក្នុងការបំពេញការងារនៅមូលដ្ឋាន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ហើយត្រូវប្រកាន់ខ្ជាប់នូវការងារជាសមូហភាព សាមគ្គីភាព និងការលះបង់។
លោកជំទាវបណ្ឌិតប្រធានគណបក្សខេត្ត ក៍បានមានប្រសាសន៍កោតសសើរ ចំពោះថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមសហការគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ក្នុងខេត្តប៉ៃលិន ដែលនេះជាយន្តការនយោបាយទទួលការគាំទ្រសម្លេងឆ្នោតពីប្រជាពលរដ្ឋមិនអាចខ្វះបាន ក្រោមម្លប់សុខសន្តិភាព ដែលកើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងគិតគូ និងរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលទេសៈ។
ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន ក៍បានមានប្រសាសន៍វាយតម្លៃខ្ពស់ និងថ្លែងអរគុណ ចំពោះក្រុមការងារចុះជួយតាមមូលដ្ឋានក្នុងខេត្តទាំងអស់ ចំពោះការលះបង់គ្រប់បែបយ៉ាង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមជាមន្រ្តីរាជការបានបម្រើរាស្រ្ត ដោយសហការ និងដោះស្រាយនូវរាល់បញ្ហានៅតាមមូលដ្ឋាន ជូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ជាពិសេសការចុះសាកសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងចត្តាឡីស័កនៅតាមខ្នងផ្ទះ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងវិបត្តិជម្ងឺកូវីដ-១៩នេះ។
ឯកឧត្តមប្រធាន ក៍បានមានប្រសាសន៍ជំរុញដល់ក្រុមការងារថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិទាំងអស់ ត្រូវបន្តរក្សាភាពឈ្នះរបស់យើង ឲ្យបានគង់វង្ស តាមរយៈការយកចិត្តទុកដាក់ខ្ពស់លើការងារដែលខ្លួនទទួលខុសត្រូវ ជាពិសេសត្រូវអនុវត្តសេចក្តីសម្រេចស្តីពី «ផែនការរួមឆ្ពោះទៅកាន់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២» ប្រកបដោយភាពជោគជ័យ ហើយជាមួយគ្នានេះដែរ ត្រូវសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេសអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ ៣កុំ។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន ក៍បានប្រគល់នូវសេចក្តីសម្រេច ស្តីពីការកែសម្រួល និងប្រគល់ភារកិច្ចក្រុមការងារយុវជនគណបក្សខេត្ត ជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារផងដែរ។
អត្ថបទ៖ លោក ញ៉ឹប បូរី