ប៉ៃលិន៖ រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ លោក យូ ពៅ និងលោក ភី ឡងឌី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា ក្នុងនាមលោក ធូ ភា ប្រធានក្រុមការងារ ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមបុណ្យសពលោក សៀ ផាន សមាជិកគណបក្សប្រជាជនភូមិចំការកាហ្វេ និងជាអតីតអនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិន ស្ថិតនៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក យូ ពៅ និងក្រុមការងារ បានសម្តែងនូវអារម្មណ៍ក្រៀមក្រំ ក្តុកក្តួលរំជួលចិត្តឥតឧបម៉ា និងសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់ លោក សៀ ផាន ដែលជាស្វាមី ជាឪពុក និងជាជីតា ជាទីគោរពស្រលាញ់ ប្រកបដោយកតញ្ញូតាធម៌ និងភក្តីភាព ចំពោះក្រុមគ្រួសារ និងជាការបាត់បង់នូវមន្ត្រីរាជការ ដែលជាបុគ្គលដ៏ឆ្នើមមួយរូប ធ្លាប់បានតស៊ូយ៉ាងស្វិតស្វាញ ដោយលះបង់កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីបុព្វហេតុជាតិ និងប្រជាជននៅក្នុងខេត្តប៉ៃលិន។
លោកអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា ក៍បានផ្តាំផ្ញើដល់ក្រុមគ្រួសារសពត្រូវកាត់ចិត្ត និងត្រូវតែបន្តប្រកបមុខរបររកទទួលទាន ព្រមទាំងថែរក្សាសុខភាពអោយបានល្អ ដើម្បីជាសផុតពីជម្ងឺឈឺតម្កាត់ផ្សេងៗ ជាពិសេសជម្ងឺកូវីដ-១៩ ហើយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារ របស់ប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពារ ៣កុំ ។
ជាការឆ្លើយតប តំណាងគ្រួសារសព ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ថ្នាក់ដឹកនាំ និង ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមពិធីបុណ្យ ព្រមទាំងសូមបួងសួងដល់បារមីវត្ថុសាកសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សាដល់លោក លោកស្រី និងក្រុមការងារទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច៕
សូមបញ្ជាក់ថា៖ លោក សៀ ផាន បានទទួលមរណៈភាព ក្នុងជន្មនាយុ ៦៤ឆ្នាំ កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយរោគាពាធ ហើយក្នុងឱកាសនោះ ក្រុមការងារបានចូលរួមបច្ច័យបុណ្យសពចំនួន ៣៥ម៉ឺនរៀលផងដែរ។
អត្ថបទ៖ លោក ញ៉ឹប បូរី