ប៉ៃលិន៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិកកិត្តិយសសាខា, ថ្នាក់ដឹកនាំគណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមខេត្ត និងយុវជន សសយក ខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយសារវិបត្តិកូវីដ-១៩ ចំនួន ៣២គ្រួសារ នៅក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕
នាឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកជំទាវ បាន ស្រីមុំ ក៍បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ មិនបានដឹង និងមិនបានជួយដោះស្រាយនោះទេ។
លោកជំទាវប្រធានគណៈកម្មាធិការសាខា បានប្រសាសន៍ឱ្យដឹងថា៖ ជាក់ស្តែងកន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានជម្រុញគ្រប់សកម្មភាពការងារមនុស្សធម៌ ឱ្យអនុវត្តន៍ទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ភ្ជាប់ នូវគោលការណ៍គ្រឹះទាំង ០៧ប្រកា របស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលា ចំពោះ ជនរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទេវហេតុផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋមានជីវភាពខ្វះខាត គ្រួសារជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង និងគ្រួសារសពខ្វះខាត ជាដើម ជាពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ហើយជាក់ស្តែងនាពេលនេះ បើទោះបីជាអំណោយស្បៀងទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនក៍ពិតមែន តែក៍អាចដោះស្រាយបានមួយកំរិតផងដែរ ក្នុងកាលទេសៈវិបត្តិកូវីដ-១៩នេះ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ដើម្បីជាសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជម្ងឺកូវីត-១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ហើយត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ ក្នុងនោះបើបងប្អូនមានបញ្ហាសុខភាព ឬករណីសង្ស័យ សូមប្រញ៉ាប់ប្រញាល់រាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីអោយក្រុមគ្រូពេទ្យជំនាញ ធ្វើការពិនិត្យសុខភាព ឬធ្វើសំណាក និងទទួលការព្យាបាលបានទាន់ពេលវេលា។
សូមបញ្ជាក់ថា៖ ស្បៀងអាហារដែលបានផ្តល់ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ៣២គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៥០គីឡូ ត្រីខ ១យួ ទឹកស៊ីអ៊ីវ ១យួ មី ២កេស ទឹកបរិសុទ្ធ ១កេស អាវ ១ ឃីត ១ (កន្ទេល ១, មុង ១, ភួយ ១, ក្រម៉ា ១) និងថវិកាចំនួន ១០ម៉ឺនរៀល៕
អត្ថបទ៖ លោក ញ៉ឹប បូរី