ប៉ៃលិន៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពស្ថាប័នជុំវិញខេត្ត រួមគ្នាធ្វើការសម្អាតអនាម័យ និងលាបថ្នាំអាគារ ដើម្បីរៀបចំត្រៀមមណ្ឌលសម្រាប់ធ្វើចត្តាឡីស័កថ្មីបន្ថែមទៀត នៅអតីតវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ស្ថិតក្នុងភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយអនុវត្តតាមការណែនាំ និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័កជាច្រើនកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រលប់មកពីតំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្ត ក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាព ជាពិសេសបងប្អូនពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស ព្រមទាំងបានរៀបចំក្រុមការងារ ដែលមានការចូលរួមពីបណ្តាមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងក្រុមយុវជន សសយក ខេត្ត ធ្វើការចម្អិនម្ហូបអាហារ សម្រាប់បងប្អូនកំពុងធ្វើចត្តាឡីស័កចំនួន ៣ពេល ជាប្រចាំថ្ងៃផងដែរ។
លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ជាក់ស្តែងនៅថ្ងៃនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពស្ថាប័នជំនាញជុំវិញខេត្ត បានរួមគ្នាសម្អាតអនាម័យបរិស្ថាន និងលាបថ្នាំអគារ នៅមណ្ឌលចត្តាឡីស័កត្រៀមថ្មីនេះ គឺក្នុងគោលបំណង ទី១-ចង់បង្ហាញជាគម្រូដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ក្នុងការចូលរួមទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ និងទី២- ដើម្បីបង្កើនសាមគ្គីភាព ឯកភាព ប្រកបដោយភាពស្និតស្នាល និងការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាមន្ត្រីរាជការបម្រើជាតិ និងប្រជាជន។
នៅក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ថ្លែងការកោតសរសើ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ ព្រមទាំងមន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមគោលដៅ និងតាមមណ្ឌលចត្តាឡីស័កនានាក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ។
អត្ថបទ៖ លោក ញ៉ឹប បូរី