ប៉ៃលិន៖ រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមការងារ អញ្ជើញចុះបើកអោយដំណើរការឡើងវិញនូវទីតាំងអាជីវកម្ម ចំនួន ៥ ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ គឺ ១-អាហារដ្ឋាន អាម៉ី អ័យស្ទ័រ និងគ្រឿងសមុទ្រពិសេស , ២-អាហារដ្ឋានមីគាវគោដុតបន្ទះដែក,៣-ហាង ធី ថាន់កាហ្វេ,៤-បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ កឹម សំណាង និង៥-ដេប៉ូចែកចាយថ្នាំកសិកម្មឈ្មោះស៊ុយ ចន្នី តាមរយៈសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តប៉ៃលិន លេខ ០៦៤ ដល់ ០៦៨/២១ សសរ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីបានធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃរួចមក ហើយមិនមានរកឃើញវិជ្ជមានជម្ងឺកូវីដ-១៩ ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន ក៍បានមានប្រសាសន៍ជម្រុញដល់ម្ចាស់អាជីវកម្ម អាហារដ្ឋាន ដេប៉ូចែកចាយជីកសិកម្ម និងបន្ទប់ពិគ្រោះនិងព្យាបាលជំងឺទូទៅ ដែលបានបើកអោយដំណើរការអាជីវកម្មឡើងវិញនាពេលនេះ ត្រូវយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់លើការពង្រឹងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសវិធានការពាររបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ ហើយនឹងត្រូវផាកពិន័យជាអន្តរកាលចំពោះបុគ្គលណាដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល ដែលរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត បានដាក់ចេញដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដ៏ទៃទៀតឡើយ។
ឯកឧត្តមអភិបាលរងខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ និងម្ចាស់ទីតាំងអាជីវកម្មនានាក្នុងខេត្ត ត្រូវចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងក្នុងប្រទេសជាតិរបស់យើង។
សូមបញ្ជាក់ថា៖ ទីតាំងអាជីវកម្ម ទាំង ៥ ខាងលើ នៅក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ត្រូវបានរដ្ឋបាលខេត្តប៉ៃលិន សម្រេចផ្អាកជាបណ្តោះអាសន្នតាមសេចក្តីសម្រេចលេខ ០៥៥/២១ សសរ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីមានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ឈ្មោះ នុម ដុង ភេទប្រុស អាយុ ៣៦ឆ្នាំដែលបានធ្វើដំណើរមកពីខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មកចែកចាយជីកសិកម្មនៅក្នុងខេត្តប៉ៃលិន ចាប់ពីថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២១។
អត្ថបទ៖ លោក ញ៉ឹប បូរី