ប៉ៃលិន ៖ កសិករមួយចំនួនដែលប្រកបរបរដាំដំណាំតាង៉ែន ហៅមៀនប៉ៃលិន ពិតជាមានភាពវ័យឆ្លាតគួរឱ្យកត់សម្គាល់ ខណ:សង្កេតឃើញពួកគាត់ខ្លះបានរិះរកវិធីយ៉ាងណា ដាក់បញ្ជាឱ្យតាង៉ែនផ្លែទុំប៉ះចំរដូវបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យទានផ្សេងៗ ទៀត ជាពិសេសថ្ងៃបុណ្យចូលឆ្នាំចិននេះ ដែលនឹងឈានចូលមកដល់តែម្តង ។ ដូច្នេះហើយ ដោយប្រជាពលរដ្ឋដែល កាន់តាមទំនៀមទម្លាប់ខ្សែស្រឡាយចិន ត្រូវការផ្លែឈើ យកទៅសែនព្រេនឱ្យកុងម៉ា ស្ទើរគ្រាប់ខេត្ត ក្រុង ទើបគេអាចលក់ដូរកសិផលតាង៉ែនក្នុងតម្លៃខ្ពស់ជាងថ្ងៃធម្មតា ។
ជាក់ស្តែង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ មានចម្ការមួយកន្លែង កំពុងប្រមូលផល ផ្លែតាង៉ែនជាង៣០០ដើម ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយជួលកម្មករជាច្រើ នចូលទៅបេះ ដើម្បីលក់ឱ្យឈ្មួញ ទិញយកលក់បន្តនៅតាមបណ្តាខេត្តនានា ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ចាម រហូតដល់រាជធានីភ្នំពេញផងដែរ ។
បើតាមការរៀបរាប់ពី ឈ្មួញម្នាក់ ឈ្មោះ ផន សុភ័ណ្ឌ ភេទស្រី អាយុ៤៦ឆ្នាំ ប្តីឈ្មោះ ម៉ាប់ អុន អាយុ៣៧ឆ្នាំ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងថា គាត់បានដើរម៉ៅទិញផ្លែតាង៉ែន ហៅមៀនប៉ៃលិន ស្ទើរគ្រប់ក្នុងចម្ការទាំងអស់ទូទាំងខេត្តប៉ៃលិន ដោយម៉ៅម្តង ៣ទៅ៤ចម្ការ ពោលគឺ ពេលណាតាង៉ែនជិតទុំ គាត់ដើរកក់ប្រាក់ឱ្យម្ចាស់ចម្ការ រួចក៏នាំកម្មករចូលទៅបេះ ថ្លឹងគីឡូលក់តែម្តង ។ គាត់បន្តទៀតថា មុខរបរមួយនេះ ត្រូវចំណាយពេលដើរទិញម្ចាស់ចម្ការរាល់ថ្ងៃ ដោយពេលធ្លាក់ថោកក៏ទិញ លុះពេលឡើងថ្លៃក៏ទិញ ហើយពេលក់ចេ ញគិតតាមទីផ្សារប្រចាំថ្ងៃដែរ ។
លើសពីនេះ ការដើរម៉ៅផ្លែតាង៉ែន តាមចម្ការ ពេលខ្លះចំណេញច្រើ ន ហើយក៏មានពេលខ្លះ ខាតចុងខាតដើមដែរ បើខាតគឺទុកជាមេរៀននៅថ្ងៃក្រោយ ប៉ុន្តែភាគច្រើនគឺចំណេញ ព្រោះដើរម៉ៅទិញថោក លក់ក្នុងតម្លៃខ្ពស់បន្តិច ។ ការប្រកបរបរនេះ គាត់ដើរម៉ៅតែក្នុងក្រុ ងប៉ៃលិនប៉ុណ្ណោះ ដោយមិនបានចេញទៅតាមខេត្តបាត់ដំបងនោះឡើយ ហើយក្នុង១ថ្ងៃៗ គាត់ជួលកម្មករ៥ទៅ៦នាក់ ដោយម្នាក់ៗគិតថ្លៃឈ្នួល៤ម៉ឺនរៀលក្នុង១ថ្ងៃ ។
បើដើរម៉ៅប៉ះចំខែធម្មតាគ្មានបុណ្យទាន គាត់អាចលក់បាន១គីឡូក្រាមត្រឹមតែ២៥០០ទៅ៣០០០រៀលប៉ុណ្ណោះ ប៉ុន្តែបើប៉ះចំថ្ងៃ បុណ្យទាន គាត់អាចលក់បានក្នុង១គីឡូក្រាម៤០០០ទៅ៥០០០រៀល ហើយភាគច្រើនម៉ូយទិញទៅលក់ក្នុងផ្សារសាមគ្គី ១គីឡូក្រាម៦០០០ទៅ៧០០០រៀល តែបើគេដឹកយកទៅលក់នៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ គឺ១គីឡូក្រាម អាចលក់បាន៨០០០រៀលផងដែរ ។
គាត់បន្ថែមទៀតថា កាលពីមុនគាត់ជាអ្នកប្រកបរបរលក់ផ្លែឈើនៅក្នុងផ្សារសាមគ្គីហៅប៉ាហ៊ីធម្មតា តែដោយសារមានការឈ្លោះទាស់ទែងជាមួយម្ចាស់ផ្ទះដែលជួលគេលក់ ក៏ឈប់លក់ដូរ នៅទីនោះ ហើយមានគំនិតដើរម៉ៅចម្ការគេ ទាំងពីរនាក់ប្តីប្រពន្ធវិញម្តង ។ របរមួយនេះ ពេលខ្លះ គាត់ម៉ៅរួច លក់ឱ្យថៅកែផ្សេង ចូលមកពីខេត្តផ្សេង គេជួលកម្មករឱ្យបេះយកទៅលក់នៅតាមបណ្តាខេត្តនានា ដោយអត់ធ្លាប់លក់ដូរនៅក្នុងប្រទេសថៃនោះឡើយ ។
ចំណែកកម្មករម្នាក់ ឈ្មោះ សុខ ម៉ៅ ភេទស្រី អាយុ៤៨ឆ្នាំ បានរៀបរាប់ឱ្យដឹងថា គាត់បាន ធ្វើការស៊ីឈ្នួលបេះផ្លែតាង៉ែនឱ្យថៅកែ ដោយគេគិតជាកេះ ក្នុង១កេះទម្ងន់ជាង១០គីឡូក្រាម គេឱ្យ តម្លៃឈ្នួល៦០០០រៀល ហើយក្នុង១ថ្ងៃ គាត់អាចបេះច្រកកេះបាន៧ទៅ១០កេះដែរ សរុបទៅក្នុង១ថ្ងៃគាត់អាចរកប្រាក់ចំណូលពី៧ទៅ១០ម៉ឺនរៀលដែរ ។ តែការប្រកបរបរមួយនេះ ត្រូវមានការអត់ធ្ម ត់ និងតស៊ូបំផុត ព្រោះក្នុង១ថ្ងៃៗ សម្ងំនៅតែក្នុងចម្ការ និងរហ័សដៃរហ័សជើង ព្រោះបើបេះបានតិច បានប្រាក់កម្រៃក៏តិចតួចដែរ ដូច្នេះហើយ ទើបម្នាក់ៗមានការខិតខំប្រឹងប្រែងដោយស្ទើរតែមិនហ៊ាន ឈប់សម្រាកនោះឡើយ ។
សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃទីផ្សារតាង៉ែន មានការធ្លាក់ខ្លាំងគួរឱ្យកត់សម្គា ល់ ដោយពីមុនមានខាងឈ្មួញថៃចូលមកទិញ ក្នុងតម្លៃខ្ពស់ដែរ ប៉ុន្តែក្រោយមក គេផ្អាកបញ្ជាទិញ ហើយក៏លក់ដូរតែក្នុងស្រុកខ្មែរ ដែលអ្នកខ្លះរអ៊ូរទាំចង់ឈប់ប្រកបរបរមួយនេះ ព្រោះមិនចំណេញ តែអ្នកខ្លះគេដាំ ដើម្បីបញ្ជាឱ្យផ្កាផ្លែនៅរដូវបុណ្យទាន ទើបលក់ក្នុងតម្លៃខ្ពស់ ៕