ប៉ៃលិន៖ ក្នុងដំណើរកម្សាន្តទៅទឹកដីនៃខេត្តប៉ៃលិន អ្នកទេសចរកម្ររំលងឆៀងចូលទៅលេងកម្សាន្តតំបន់ទឹកធ្លាក់ធម្មជាតិភ្នំខៀវ ដែលមានទឹកហូរខួបប្រាំងខួបវស្សាព្រមជាមួយទីកន្លែងលេងទឹកចំនួន ៧ ជាន់ ដែលបញ្ចេញសម្រស់ស្វាគមន៍ភ្ញៀវគ្រប់រដូវកាល។
អ្នកទៅកម្សាន្តទីនោះនិយមចុះទៅងូតទឹកលេងកម្សាន្តនៅជាន់ទី ៦ និងជាន់ទី ៧ នៃតំបន់ទឹកធ្លាក់ធម្មជាតិភ្នំខៀវ នេះយ៉ាងសប្បាយរីករាយ ឬក៏ទទួលទានអាហារក្នុងក្យូសក្រោមម្លប់ឈើត្រឈឹងត្រឈៃអមដោយសំឡេងទឹកហូរបីដូចតន្ត្រីធម្មជាតិ ។
តំបន់ទឹកធ្លាក់ធម្មជាតិភ្នំខៀវ ឬទឹកធ្លាក់អូរតាវ៉ៅមានទីតាំងស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងមានចម្ងាយចេញពីផ្លូវជាតិ ប្រមាណ ៦ ឬ ៧ គីឡូម៉ែត្រ បន្ទាប់ពីចេញដំណើរពីតំបន់ ភ្នំយ៉ាត ដែលជាបេះដូងនៃក្រុងប៉ៃលិនមានចម្ងាយ ២ ឬ ៣ គីឡូម៉ែត្រមកនោះ។
អ្នកលក់ម្ហូបអាហារនៅតំបន់ទឹកធ្លាក់ធម្មជាតិភ្នំខៀវ អ្នកស្រី លឿង ហុង ប្រាប់ពីសម្ទុះនៃក្រុមភ្ញៀវទេសចរទាំងនៅទីជិត និងទីឆ្ងាយមកលេងកម្សាន្តថា៖ «មិនថា ថ្ងៃធម្មតា ឬថ្ងៃបុណ្យ ឬថ្ងៃសៅរ៍ អាទិត្យ នោះទេ ភ្ញៀវតែងតែមកលេងកម្សាន្តជាហូរហែនៅឯទឹកធ្លាក់ភ្នំខៀវនេះ គ្រាន់តែសង្កេតឃើញថា នៅក្នុងពេលរដូវបុណ្យទាន មានភ្ញៀវច្រើនជាងថ្ងៃធម្មតាមកលេងណែនតាន់តាប់។ ភាគច្រើននិយមមកលេងនៅពេលថ្ងៃត្រង់ពេលម៉ោងបាយ ហើយនាពេលរសៀលបន្តិច ទើបពួកគាត់វិលត្រឡប់ទៅវិញ»។
អ្នកស្រី លឿង ហុង ក៏បានបង្ហើបពីសេវាកម្មនានា នៅតំបន់ទឹកធ្លាក់ភ្នំខៀវបន្តផងដែរថា៖ «នៅទីនេះ យើងមានក្យូសជួលមួយតម្លៃ ១ ម៉ឺន រៀល ខណៈឯមុខម្ហូបអាហារវិញ ភ្ញៀវទេសចរអាចធ្វើការកុម្ម៉ង់បានទៅតាមមុខម្ហូបចូលចិត្តនៅកន្លែងយើង នៅក្នុងតម្លៃសមរម្យមានដាក់រួចជាស្រេចនៅក្នុងតារាងមុខម្ហូប»។
ចំពោះកន្លែងផ្ញើយានយន្តវិញក៏មានផ្សេងគ្នា និងតម្លៃផ្ញើក៏ខុសគ្នាដែរ ដោយម៉ូតូ ១ មានតម្លៃ ២០០០ រៀល សម្រាប់ផ្ញើនៅជាន់លើ និងតម្លៃ ៣០០០ រៀល នៅជាន់ក្រោម ខណៈឡានវិញ ១ គ្រឿងតម្លៃ ១ ម៉ឺន រៀល នៅឯជាន់ក្រោម និង ១ គ្រឿងតម្លៃតែ ៣០០០ រៀល សម្រាប់ផ្ញើជាន់លើ។
ក្រៅពីទេសភាពធម្មជាតិនៃការគយគន់សម្រស់ទឹកធ្លាក់នៅភ្នំខៀវនេះ ទេសចរក៏មានទីកន្លែងប្លែកភ្នែកផ្សេងទៀតដែរគឺឡើងទៅមើលឫសគល់ឈើ ដែលបានផុសពីដីមក មានរូបរាងដូចជាសត្វនាគមួយគូស្ថិតនៅខាងឆ្វេងដៃនៃច្រកឡើងទៅខាងលើនៃទឹកធ្លាក់ភ្នំខៀវនេះ។ ទេសចរមួយចំនួនមានការភ្ញាក់ផ្អើលពេលបានឡើងទៅឃើញ។ ឫសគល់ឈើដែលបានផុសពីដីមក មានរូបរាងដូចជាសត្វនាគនោះ មួយត្រូវគេយកក្រណាត់គ្របពណ៌ខៀវ និងមួយទៀតពណ៌មាស ដែលជានិមិត្តរូបសត្វនាគខៀវ និងនាគភ្លើង (ពណ៌មាស)៕