ប៉ៃលិន៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ប៉ៃលិន៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារប្រចាំការគោលដៅត្រួតពិនិត្យសុខភាពចំណុចអូរ៧៥ ដឹកនាំដោយ ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត បានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ ដល់កងកម្លាំង និងយុវជន សសយក ដែលកំពុងប្រចាំការគោលដៅអូរ៧៥ ស្ថិតនៅភូមិអូរ៧៥ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិនកំពុងតែយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ និងចូលមកខេត្តប៉ៃលិន ជារៀងរាល់ថ្ងៃ ដោយបានរៀបចំក្រុមការងារ ត្រួតពិនិត្យសុខភាព នៅតាមបណ្តាព្រំប្រទល់ចេញ-ចូលរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ក្នុងគោលបំណងធ្វើយ៉ាងណាក្តាប់នូវរាល់សភាពការណ៍ហានីភ័យ និងបញ្ហាប្រឈមនានា ពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩ ដើម្បីចាត់វិធានការដោះស្រាយ និងទប់ស្កាត់បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការឧបត្ថម្ភស្បៀងអាហារ ជូនកងកំលាំង និងយុវជន សសយក ប្រចាំការនៅពេលនេះ គឺដើម្បីចូលរួមចំណែកក្នុងការអនុវត្តការងារជាក់ស្តែង ដែលកំពុងអនុវត្ត ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន សំដៅចូលរួមទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមក្នុងខេត្ត ជាពិសេសបានធ្វើការផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់គោលដៅ ឱ្យបានយល់ដឹងអំពីជម្ងឺកូវីដ-១៩ និងចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ ៣ការពារ ៣កុំ ដើម្បីការពារអាយុជីវិតយើង ក្រុមគ្រួសារយើង និងប្រទេសជាតិយើង ពីជម្ងឺកូវីដ-១៩។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ឃ្លោក នួយ ក៍បានមានប្រសាសន៍ជំរុញដល់កម្លាំង និងមន្ត្រីប្រចាំការទាំងអស់ ត្រូវប្រចាំការ ២៤ម៉/២៤ម៉ នៅគោលដៅដែលខ្លួនទទួលខុសត្រូវ ព្រមទាំងអនុវត្តនូវភារកិច្ចនេះឲ្យបានហ្មត់ចត់បំផុត ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបងប្អូនពលករដែលទើបត្រលប់មកពីក្រៅប្រទេស និងមកពីតំបន់ប្រឈមនានា នៅតាមបណ្តារាជធានី/ខេត្ត ហើយបើសិនជាមានករណីសង្ស័យ ត្រូវអោយមន្ត្រីជំនាញសុខាភិបាលធ្វើការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន។
សូមបញ្ជាក់ថា៖ ក្រុមការងារប្រចាំការគោលដៅត្រួតពិនិត្យសុខភាពចំណុចអូរ៧៥ បានឧបត្ថម្ភស្បៀងអាហារ ជូនដល់កងកំលាំង និងយុវជន សសយកប្រចាំការគោលដៅ រួមមាន៖ អង្ករ ១០០គីឡូ មី ៦កេះ ពងមាន់ ៥ថាស និងទឹកបរិសុទ្ធ ៥០យួ។ អត្ថបទ៖ លោក ញ៉ឹប បូរី