ប៉ៃលិន៖ រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ លោក ធូ ភា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា បានដឹកនាំក្រុមការងារ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ០៤គ្រួសារ ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បន្ទាប់ពីពួកគាត់រងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺ Covid-19។
លោក ធូ ភា ប្រធានគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា បានមានប្រសាសន៍លើកឡើងថា÷ ដោយសារការព្រួយបារម្ភជាខ្លាំង ចំពោះជម្ងឺកូវីត-១៩ ធ្វើឱ្យក្រុមហ៊ុន សហគ្រាស និងកន្លែងការងារមួយចំនួនត្រូវបានបិតទ្វារ បណ្តាលឱ្យប្រជាពលរដ្ឋខ្លះអត់ការងារធ្វើ ចំណែកពលរដ្ឋខ្លះទៀត ដែលធ្វើជាពលករនៅក្រៅប្រទេស ត្រូវបង្ខំចិត្តវិលត្រឡប់មកកាន់ស្រុកកំណើត និងលំនៅដ្ឋានវិញ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្រុមគ្រួសាររបស់ពួកគាត់ ដូច្នេះជាក់ស្តែងនៅថ្ងៃនេះ ក្រោមការចង្អុលបង្ហាញពីសំណាក់លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន គឺក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា បាននាំយកអំណោយស្បៀងអាហារ និងថវិកា មកឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងសង្កាត់ទួលល្វា ដែលរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយសារជម្ងឺ Covid-19 ហើយបើទោះបីជាអំណោយទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនក៍ពិតមែន តែក៍អាចដោះស្រាយបានមួយកំរិតផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោក ធូ ភា ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ដល់លោកតា លោកយាយ អ៊ុំពូមីង និងបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត ដូចជាការបង្កបង្កើតផលដាំដំណាំ និងការចិញ្ចឹមសត្វលក្ខណៈគ្រូសារឱ្យបានកាន់តែច្រើន ដើម្បីបង្កើនជីវភាពឱ្យបានធូធាជាងមុន ជាពិសេសរួមគ្នាអនុវត្តវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ ឱ្យបានម៉ឺងម៉ាត់ ក្នុងន័យចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ កូវីដ-១៩ នៅក្នុងសហគម។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលបានទទួលអំណោយ ពីក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា មានចំនួន ០៤គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួ ទឹកត្រី ១យួ ត្រីខ ១យួ ទឹកបរិសុទ្ធ ២យួ និងថវិកា ចំនួន ៥ម៉ឺនរៀល ផងដែរ។ អត្ថបទ៖ លោក ញ៉ឹប បូរី