ជាការពិតណាស់ ដើម្បីបំផ្លាញពពួកបាក់តេរីចង្រៃ ឲ្យអន្តរធាន យើងចាំបាច់ត្រូវតែ ប្រើថ្នាំ Antibiotics ក៏ប៉ុន្តែការប្រើពពួកថ្នាំនេះ ច្រើនហួសហេតុពេក នឹងអាចបំផ្លាញតុល្យភាពរាងកាយបាន ។ ដូច្នេះអ្នកអាចជំនួស ដោយការប្រើប្រាស់អាហារ ពីធម្មជាតិមួយចំនួន ដែលមានសមត្ថភាពប្រឆាំងបាក់តេរី និង ជួយជំរុញប្រព័ន្ធការពារ រាងកាយរបស់អ្នក ។ អាហារទាំងនោះមានដូចជា ៖
ខ្ទឹមបារាំង ៖ សារធាតុស្ពាន់ធ័រ ដែលធ្វើឱ្យខ្ទឹមបារាំងមានក្លិនឆួល និងរសជាតិប្លែកត្រូវគេគិតថា មានសមត្ថភាពប្រឆាំង នឹងបាក់តេរី ។ ខ្ទឹមបារាំងដែល គេយកទៅផលិត ជាទឹកថ្នាំស៊ីរ៉ូមានប្រសិទ្ធ ភាពបំបាត់ក្អក ។ ក្រៅពីនេះវាជួយ ធ្វើឱ្យល្អប្រសើរនូវចរន្តឈាម ហូរព្រមទាំងប្រឆាំងនឹងការរលាកទៀតផង ។
ខ្ទឹមស ៖ ជារុក្ខជាតិដែលមនុស្សលោក យកមកប្រើជាឱសថព្យាបាល ជំងឺផ្សេងៗតាមវប្បធម៌របស់ពួកគេរៀងៗខ្លួន តាំងពីយូរយារណាស់មកហើយ។ នេះក៏ព្រោះតែវាត្រូវគេជឿថា មានផ្ទុកសមាសធាតុ Antibiotics និងអាច ប្រឆាំងជំងឺផ្តាសាយ ព្រមទាំងគ្រុនក្តៅ ។ ការសិក្សាជាច្រើនតែងតែបានអះអាងថា ខ្ទឹមសជួយ បញ្ចុះសម្ពាធឈាម កាត់បន្ថយកម្រិតខ្លាញ់កូឡេស្តេរ៉ូលនិងព្យាបាលការពុលអាហារដ៏មានប្រសិទ្ធភាពបំផុត ។
តែបៃតង ៖ នៅក្នុងការសិក្សាបែបវិទ្យាសាស្ត្រទាំងឡាយសុទ្ធតែបានបង្ហាញថា តែបៃតងជួយឱ្យពពួកថ្នាំ Antibiotics ដំណើរការបានល្អ ជាពិសេសសម្រាប់ពួកបាក់តេរីដែលស៊ាំនឹងថ្នាំ ។
ទឹកឃ្មុំ ៖ ទឹកឃ្មុំល្បីថាជាថ្នាំផ្សះ ពីធម្មជាតិជាយូរមកហើយដែរ ។ ក្រៅពីមានផ្ទុកអង់ហ្ស៊ីមប្រឆាំងនឹងអតិសុខុមប្រាណដែលបញ្ចេញ Hydrogen Peroxide ទឹកឃ្មុំអាចជួយទប់ស្កាត់ការលូតលាស់របស់បាក់តេរី ហើយត្រូវបានគេប្រើព្យាបាលជំងឺឆ្លងបង្កដោយបាក់តេរីនៅក្នុងនិងក្រៅរាងកាយទៀតផង ដែលក្នុងនោះមានដូចជាជំងឺដំបៅក្រពះជាដើម ។ ទឹកឃ្មុំដែលល្អជាងគេគឺនៅអូស្ត្រាលីនិង ប្រទេសណូវែលសេឡង់ ។
ប្រភេទផ្កាឈ្មោះ Echinacea ៖ ផ្កាដែលដុះនៅអាមេរិកខាងជើងនេះត្រូវគេរកឃើញថា មានសមត្ថភាពប្រឆាំងនឹងបាក់តេរី និងវីរុស ។ បន្ថែមពីលើនេះ វាអាចជួយឱ្យប្រព័ន្ធសរីរាងកាយរបស់អ្នក មានកម្លាំងខ្លាំងក្នុង ការផលិតកោសិកាឈាមសដើម្បីប្រឆាំងនឹងជំងឺឆ្លងកាន់តែមានប្រសិទ្ធភាព ។ តាមការសិក្សាមួយចំនួនបានបង្ហាញថា លេបឱសថដែលចម្រាញ់ពីផ្កា Echinacea មួយគ្រាប់ជាប្រចាំអាចជួយកាត់បន្ថយឱកាសកើតជំងឺផ្តាសាយបាន៥៨% ៕