ខេត្តព្រះសីហនុ ៖ សហគមន៍អេកូទេសចរណ៍ព្រៃកោងកាងព្រែកតាសុខ ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ក្រោយពីដាក់ឲ្យដំណើរការទទួលភ្ញៀវទេសចរចូលលេងកម្សាន្ត គឺបានផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋបានច្រើន ។
នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានដឹកនាំក្រុមការងារមន្ទីរ និងអាជ្ញាធរក្រុង ទៅពិនិត្យមើលសហគមន៍អេកូទេសចរណ៍ព្រៃកោងកាង ដែលជាធនធានធម្មជាតិដ៏ស្រស់បំព្រងសម្រាប់ទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ទៅលំហែកម្សាន្ត ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំឱ្យលោកប្រធានសហគមអេកូទេសចរណ៍ព្រៃកកោងកាងព្រែកតាសុខត្រូវខិតខំកែច្នៃតំបន់នេះឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ព្រោះទីតាំងនេះសម្បូរទៅ ដោយព្រៃកោងកាង និងជីវចម្រុះជាច្រើនប្រភេទដែលរស់នៅតាមបែបធម្មជាតិ ។ ដូច្នេះ យើងត្រូវចេះកែច្នៃតំបន់ព្រៃកោងកាងជាកន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរជាតិ និងទេសចរបរទេស បន្ទាប់ពីជំងឺកូវីដ-១៩ស្ងប់ស្ងាត់ទៅវិញនៅពេលខាងមុខ ។
ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា តំបន់សហគមន៍អេកូទេសចរណ៍នេះ នៅពេលខាងមុខប្រែមុខមាត់ថ្មី អាចជួយបង្កើនការងារជូនប្រជាពលរដ្ឋរស់នៅតំបន់កោះឱ្យមានជីវភាពកាន់តែល្អប្រសើរឡើង ។ ដូច្នេះ យើងត្រូវរួមគ្នាថែរក្សាអនាម័យបរិស្ថាន ពិសេសរួមគ្នាអភិរក្សព្រៃឈើប្រកបដោយចីរភាព ដែលជាតម្រូវការចាំបាច់សម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្ត នៅតាមបណ្តាកោះនៅក្នុងភូមិសាស្ត្រក្រុងកោះរ៉ុងរបស់យើងកាន់តែច្រើនបន្ថែមទៀត នាពេលខាងមុខ ៕