ខេត្តព្រះសីហនុ ៖ ថ្មរូងជារមណីយដ្ឋានធម្មជាតិ មានទេសភាពធម្មជាតិដ៏ស្រស់ត្រកាល ទឹកធ្លាក់ ព្រៃភ្នំ និងខ្យល់អាកាសបរិសុទ្ធ ស្ទើរគ្រប់រដូវកាល ។ រមណីយដ្ឋានអេកូទេសចរណ៍មួយកន្លែងនេះមានទីតាំងស្ថិតនៅក្នុងភូមិព្រៃប្រសិទ្ធិ៍ ឃុំបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នៅក្បែរចំណុចប្រសព្វរវាងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ។
ក្រៅពីមានខ្យល់អាកាសបរិសុទ្ធនៅមានប្រជាសហគមន៍សាងសង់តូប នៅជាប់មាត់ទឹកធ្លាក់ដែលគេអាចបរិភោគអាហារ សម្រាកលម្ហែកាយ និងងូតទឹកលេងយ៉ាងសប្បាយរីករាយ ។ អ្នកទេសចរអាចងូតទឹកធ្លាក់ និងទស្សនាត្រីហែលឆ្វែលឆ្វាត់តាមជ្រលងថ្មភ្នំដោយក្តីសប្បាយរីករាយ ។ នៅពេលនោះគេសង្កេតឃើញអ្នកទេសចរជាច្រើនបានឆ្លៀតថតរូប ភ្ជាប់ខ្លួនទេសភាពព្រៃភ្នំទឹកជ្រោះ ដែលមានផ្កាចម្រុះពណ៌ ជិះទោងយោលជាដើម ។
លោក ឃិនម៉េង ឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថានបានបញ្ជាក់ថា រមណីយដ្ឋានថ្មរូងមានទឹកធ្លាក់ពេញៗមួយឆ្នាំ មានផ្លូវចេញចូលដល់កន្លែងសម្រាកកម្សាន្តយ៉ាងល្អស្អាត ។ ម្យ៉ាងវិញទៀតទីនេះនៅមិននៅឆ្ងាយពីរាជធានីភ្នំពេញនោះទេ ។
លោកបានលើកឡើងមកបញ្ជាក់ថា បច្ចុប្បន្ននៅរមណីយដ្ឋាននេះ គេឃើញមានតែគណៈកម្មាធិការគ្រប់គ្រងដែលជាតូបផ្តល់ជាអាហារ និងផ្លែឈើជាផលិតផលក្នុងតំបន់ប៉ុណ្ណោះ ។ ហេតុនេះក្រសួងបរិស្ថានចង់ឱ្យមានការពង្រីកនូវផលិតផលថ្មីៗបន្ថែមទៀតដូចជាផ្ទះស្នាក់ឬកន្លែងខ្លះអាចរៀបចំបោះតង់ជាដើម ។
«យើងកំពុងពិនិត្យសិក្សាដើម្បីគម្រោងនិរន្តភាព តំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជាដែលជាហិរញ្ញប្បទានរបស់ធនាគារពិភពលោកដើម្បីជួយដល់សហគមន៍ទាំងការពង្រឹងសមត្ថភាព និងទាំងការរៀបចំគុណភាពផលិតផលសេវាទេសចរណ៍ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធនិងពិសេសក្រសួងទេសចរណ៍តែម្តង» លោក ឃិនម៉េង ឃាង បញ្ជាក់ ។
លោក ទាង ឆាយហៀង អនុប្រធាននាយករដ្ឋានទំនាក់ទំនងសាធារណៈ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ ជាក្រសួងសាមីមួយដែលទទួលខុសត្រូវត្រួតពិនិត្យទៅលើទឹកស្អាត អនាម័យ ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅតាមជនបទ ។
ដោយឡែកសម្រាប់នៅតាមតំបន់ការពារធនធានធម្មជាតិ និងតំបន់អេកូទេសចរណ៍ធម្មជាតិ ប្រសិនបើទីតាំងតំបន់ណាមួយមានភាពចាំបាច់នោះក្រសួងនឹងសិក្សាសាងសង់ផ្លូវជូនដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ បន្ថែមពីនេះវាជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យកាន់តែមានចំណាប់អារម្មណ៍ទស្សនាកម្សាន្តនៅតាមទីតាំងទេសចរណ៍ធម្មជាតិ ដែលមានក្នុងប្រទេសកម្ពុជា ៕