(មីឡាន)៖ ខ្សែប្រយុទ្ធទាំងពីរ Roberto Firmino និង Mohamed Salah រកបានម្នាក់ ១គ្រាប់ចុងម៉ោងជួយ ហង្សក្រហម Liverpool ទទួលបានជ័យជម្នះទៅលើម្ចាស់ផ្ទះ Inter Milan របស់អ៉ីតាលីក្នុងលទ្ធផល ២-០ សម្រាប់ជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយពានអឺរ៉ុប UEFA Champions League នាយប់មិញនេះ។
ក្នុងជំនួបដែលត្រូវធ្វើឡើងនៅទឹកដី San Siro នោះ ក្រុមម្ចាស់ផ្ទះ Inter Milan ដែលជាជើងឯក Serie A រដូវកាលមុន ផងនោះ ពុំអាចធ្វើអ្វីក្រុមរបស់លោក Jurgen Klopp នោះទេ នៅពេលដែល Liverpool បន្តរកបានកំណត់ត្រាលេង ៧ប្រកួតនៅ UCL រដូវកាលនេះឈ្នះទាំងអស់។
ដូចគ្នានោះដែរ Klopp ក៏បានក្លាយជាអ្នកចាត់ការទូទៅអាល្លឹម៉ង់ទី១ និងឈរលេខ៨ នៅលើពិភពលោក ដែលរកបានជ័យជម្នះលើកទី៥០ នៅក្របខណ្ឌ Champions League ក្រោយពេលដឹកនាំ Liverpool ឈ្នះពានធំប្រចាំអឺរ៉ុបមួយនេះកាលឆ្នាំ២០១៩ ផងដែរ។
Liverpool ត្រូវបើកទ្វារកីឡដ្ឋាន Anfield របស់ខ្លួនដើម្បីទទួលក្រុម Inter Milan វិញម្តងសម្រាប់ជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយកាត់សេចក្តីនារាត្រីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ខាងមុខ៕