ប៉ៃលិន៖បើលោក អ្នកបានទៅដល់ខេត្តប៉ៃលិន គួរតែទៅលម្ហែកាយ នៅទឹកធ្លាក់ បយ៉ាខាថ្មីម្តង ពិតជាមិនធ្វើឱ្យលោអ្នកខុសបំណងឡើយ។ ទឹកធ្លាក់ បយ៉ាខាថ្មីនេះ ស្ថិតនៅជាប់ចម្ការមៀន តាខ្លឹងមានចម្ងាយប្រមាណជាង១៥០ម៉ែត្រចម្ការមៀន ការធ្វើដំណើរទៅទីនោះ ដោយថ្មើជើង។ បយ៉ាខា គឺជាតំបន់ទេសចរណ៍មួយមានប្រវត្តិ និង ឈ្មោះល្បីជាយូរយារណាស់មកហើយ ជាពិសេស កន្លែងលម្ហែកាយមួយនេះ ក៏បានចងចិត្ត កវីរៀមច្បងយើងជំនាន់មុនមិនតិចនាក់នោះដែរ ដែលបានចាប់ស្លាបប៉ាកកាមកតាក់តែងនិពន្ធជាទំនុកបទចំរៀងឡើង ដោយរៀបរាប់អំពីទេសភាពនិងអនុស្សាវរីយ៍នៅទីឋានដ៏មនោរម្យនេះប្រកបដោយអត្ថន័យយ៉ាងពីរោះ ។
ទឹកជ្រោះបយ៉ាខាគឺជារមណីយដ្ឋានបែបធម្មជាតិពិតៗដែលមានដើមឈើតូចធំដុះលម្អអមដោយជើងភ្នំវែងអន្លាយមានខ្យល់ជំនោរត្រជាក់បរិសុទ្ធ និង មានទឹកធ្លាក់ជាច្រើនដំណាក់ហូរត្រដុសនឹងជម្រាលលើកម្រាលថ្មដាគួរជាទីត្រេកត្រអាល សម្រាប់ភ្ញៀវទេសចរ។ នៅក្នុងតំបន់ទេសចរណ៍ទឹកជ្រោះបយ៉ាខានេះ មានទិដ្ឋភាពទឹកជ្រោះគួរជាទីសម្រាប់ងូតលេង ហើយបើយើងឡើងតាមជម្រាលថ្ម ដែលមានទឹកហូរតិចៗនោះ គឺអាចងូតទឹកលេងកម្សាន្តឬក៏ដេកសំដិលកាយលេងតាមខ្សែទឹកហូរ ដែលហែហមដោយដើមរុក្ខជាតិពណ៌បៃតងខ្ចីយ៉ាងសប្បាយរីករាយ ។
នៅរមណីយដ្ឋានទឹកជ្រោះបយ៉ាខាភាគច្រើន គេបានឃើញភ្ញៀវទេសចរក្នុងស្រុកបានធ្វើដំណើរមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករជារៀងរាល់ថ្ងៃ ។ ជាពិសេនៅក្នុងថ្ងៃឈប់សម្រាកនិង ថ្ងៃបុណ្យទានប្រពៃណីជាតិ។ សម្រាប់ភ្ញៀវទេសចរដែលបានទៅលេងនៅទឹកជ្រោះបយ៉ាខានេះ គឺលោកអ្នកមិនបាច់ព្រួយបារម្ភនឹងការរកទិញម្ហូប អាហារដើម្បីបរិភោគនោះឡើយ ពីព្រោះនៅកន្លែងកម្សាន្តដ៏ពេញនិយមមួយនេះគឺមានលក់ផ្លែឈើ នំចំណី និង ម្ហូបអាហារ មិនខ្វះឡើយ។ បើធ្វើដំណើរទៅលេងទឹកជ្រោះបយ៉ាខានោះ ភ្ញៀវទេសចរទាំងឡាយត្រូវធ្វើដំណើរចេញពីក្រុងប៉ៃលិនឆ្ពោះទៅទិសខាងជើងឆៀងខាងលិចក្នុងចម្ងាយផ្លូវប្រហែលជាង១០ គីឡូម៉ែត្រតាមបណ្តោយផ្លូវជាតិលេខ៥៧ តំបន់ទេសចរណ៍ដ៏ល្បីប្រចាំខេត្តប៉ៃលិនមួយនេះ មានទីតាំងស្ថិតនៅក្នុង ភូមិបរហ៊ុយ សង្កាត់បយ៉ាខា ក្រុង-ខេត្ត ប៉ៃលិន។
ទឹកជ្រោះ បយ៉ាខាត្រូវបានគេចាត់ទុកថា ជាទីរមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនៅលើទឹកដីត្បូងពេជ្រ ដែលមានទេសភាព គួរឱ្យគយគន់ក្រៃលែង ហើយសម្រាប់ការធ្វើដំណើរទស្សនាចរណ៍របស់លោកអ្នក បានមកដល់ទឹកជ្រោះបយ៉ាខានោះ ប្រាកដជាបានធូរស្បើយក្នុងអារម្មណ៍ ដោយការងូតទឹកលេងកម្សាន្ត ជាមួយការគយគន់សម្រស់ធម្មជាតិយ៉ាងជក់ចិត្ត ការជួបជុំគ្នាញុំា អាហារ ផ្លែឈើជាដើម ៕