មានប្រសាសន៍ជម្រុញក្នុងកិច្ចប្រជុំក្រុមការងារត្រៀមវាយតម្លៃទីក្រុងស្អាតខេត្តប៉ៃលិន នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបាន ជម្រុញដល់ក្រុមការងារវាយតម្លៃ ទីក្រុងស្អាតត្រូវរួមសហការគ្នាបំពេញបន្ថែមនូវចំនុចដែលខ្វះខាត ដើម្បីប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣សម្រាប់បេក្ខភាពក្រុងប៉ៃលិន ដែលប្រព្រឹត្តទៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តបានលើកឡើងថា៖ ដើម្បីអោយក្លាយជាទីក្រុងស្អាតក្រុមការងារវាយតម្លៃនិងរដ្ឋបាលក្រុងត្រូវចេះសហការគ្នាបំពេញបន្ថែមដែលនូវប្រឡោះប្រហោងជាពិសេសត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាអោយទីក្រុងយើងក្លាយទៅជាទីក្រុងស្អាតមានសោភ័ណ្ឌភាព និងសណ្តាប់ធ្នាប់ល្អ។
លោកជំទាវបានបន្តថា៖ រដ្ឋបាលក្រុងនិងមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវមានរបាយការណ៍ជាក់លាក់ដើម្បីងាយស្រួលដល់ក្រុមការងារអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតពិនិត្យផ្ទៀងផ្ទាត់នឹងវាយតម្លៃការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ហើយត្រូវមានធុងសំរាមសម្រាប់ដាក់តាមទីប្រជុំជន តាមដងផ្លូវ តាមសួនច្បារ តាមកន្លែង រម្មណីដ្ឋាននានាក្នុងខេត្ត ជាពិសេសនៅតំបន់បេតិកភណ្ឌភ្នំយ៉ាតដែលមានមនុស្សទៅលេងយ៉ាងច្រើនកុះករ មួយវិញទៀតមន្ទីរពាក់ព័ន្ធត្រូវពិនិត្យមើលបរិស្ថាន អនាម័យ និងម្ហូបអាហារនានានៅតាមអាហារដ្ឋាន រម្មនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ។លោកជំទាវអភិបាលខេត្ត បានក្រើនរំលឹកដល់ក្រុមការងារដែលមានមន្ទីរពាក់ព័ន្ធ ត្រូវរួមសហការក្នុងការបំពេញតាមសុចនាករណាដែលយើងមិនទាន់បានអនុវត្តដូចជាសំរង់ព័ត៌មានអំពីធុងសំរាមនៅតាមទីកន្លែងសំខាន់ៗដែលមានការឆ្លងកាត់ញឹកញាប់នៅក្នុងក្រុងប៉ៃលិន ស្រង់សិ្ថតិអំពីបណ្តាញប្រមូលសំណល់រាវ សកម្មភាពនៃការប្រមូល សំណល់រាវរបស់បណ្តាញនីមួយៗ និងស្រង់ស្ថិតិការពេញចិត្តរបស់ភ្ញៀវទេសចរណ៍ ក្នុងកំឡុងពេលស្នាក់នៅក្នុងក្រុង ។
គួររំលឹកផងដែរថា៖ខេត្តប៉ៃលិនធ្លាប់ទទួលបានជ័យលាភីផ្ការំដួល១ទងនៅឆ្នាំ២០១៨ក្នុងកម្មវិធីសន្និបាតបូកសរុប ការងារទេសចរណ៍ ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៨ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៦ ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទាំងអស់គ្នា» និងពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕