ខេត្តត្បូងឃ្មុំ៖ រមណីយដ្ឋានកែច្នៃតាសែដូងក្រអូប ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧ ចូលចម្ងាយប្រមាណជាង៣០០ម៉ែត្រ តាមផ្លូវបេតុងការដ្ឋានកិនថ្ម ក្នុងឃុំជារោទ៍ទី២ ស្រុកត្បូងឃ្មុំ ។ រមណីយដ្ឋាននេះទាក់់ទាញអ្នកទេសចរទៅកម្សាន្តលេងជារៀងរាល់ថ្ងៃ ។ សម្រាប់អំឡុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ ត្រៀមកែច្នៃដាំផ្កាចម្រុះពណ៌ រួមជាមួយនឹងការតុបតែងកែច្នៃរូប ផ្សេងៗឲ្យកាន់តែស្រស់ប្រណីតថែមទៀតទាក់ទាញអ្នកទេសចរកាន់តែច្រើនឡើង ។
លោកសៅ សុវណ្ណ វ័យ៦៤ឆ្នាំ នៅសង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា នៅថ្ងៃចុងសប្តាហ៍ជាថ្ងៃទំនេរពីការងារកូនប្រុសរបស់គាត់រួមទាំងដន្លងមានគ្នាជាច្រើននាក់ បានជិះរថយន្តទៅលេងនៅរមណីយដ្ឋានកែច្នៃតាសែដូងក្រអូប ។ នេះជាលើកទីមួយដែលគាត់ទៅលេងនៅទីនោះ ហើយទិដ្ឋភាពពិតជាស្រស់បំព្រងមែន ដោយបានឃើញផ្កាចម្រុះពណ៌ជាច្រើនប្រភេទ ត្រូវគេដាំនៅក្នុងបរិវេណរមណីយដ្ឋាន ។
ជាមួយនោះមានខ្យូសសម្រាប់អង្គុយលេងនៅជាប់នឹងមាត់ស្រះទឹក ដែលមានទំហំធំត្រជាក់ ព្រមទាំងបានស្រស់ស្រូបអាហារថ្ងៃត្រង់ជុំគ្នាជា មួយនឹងសមាជិកក្រុមគ្រួសារជាច្រើននាក់ មានរសជាតិឆ្ងាញ់ ហើយតម្លៃក៏សមរម្យដែរ ។ នៅពេលដែលគាត់ឈានជើងមកលេងនៅទីនេះ បានធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ហើយទុក្ខកង្វល់ទាំងប៉ុន្មាននៅក្នុងខ្លួនបានរសាយអស់ ។ នៅថ្ងៃណាមួយទំនេរនាពេលខាងមុខសង្ឃឹមថាកូនប្រុសនឹងនាំគាត់ទៅលេងម្ដងទៀត ។