(តួកគី-អាម៉េនី)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu របស់ប្រទេសតួកគី និងអ្នកការទូតតួកគី បានបញ្ជាក់ថា ច្រកព្រំដែនរវាងប្រទេសតួកគី និងប្រទេសអាម៉េនីដែលមានជម្លោះជាយូរអង្វែងណាស់មកហើយ ត្រូវបានបើកទ្វាឡើងវិញជាលើកដំបូងក្នុងរយៈពេល ៣៥ ឆ្នាំ ដើម្បីផ្តល់ និងទទួលជំនួយសម្រាប់ជនរងគ្រោះក្នុងហេតុការណ៍គ្រោះមហន្តរាយធម្មជាតិរញ្ជួយដីកម្រិត ៧.៨ រិចទ័រ ស្ថិតនៅភាគខាងត្បូងប្រទេសតួកគី កាលពីព្រឹកព្រលឹមថ្ងៃចន្ទ សប្តាហ៍មុន។
សារព័ត៌មាន Anadolu បានបន្ថែមថា ច្រកព្រំដែនឆ្លងកាត់ក្នុងតំបន់នេះ បានបើកដំណើរការជាលើកចុងក្រោយដើម្បីបញ្ជូនជំនួយមនុស្សធម៌ពីអង្គការអឌ្ឍចន្ទក្រហមប្រទេសទួកគី ទៅកាន់ប្រទេសអាម៉េនីក្រោយរងគ្រោះដោយសារតែគ្រោះរញ្ជួយដីក្នុងឆ្នាំ ១៩៨៨ ។ ដោយឡែក រដ្ឋាភិបាលប្រទេសអាម៉េនី បានបង្ហោះវីដេអូដែលបង្ហាញពីឡានដឹកទំនិញមានផ្ទុកជំនួយមនុស្សធម៌កំពុងបើកបរឆ្លងកាត់ស្ពានស្ថិតនៅលើទន្លេ Aras ក្នុងទីក្រុង Margara ជាប់ព្រំដែនប្រទេសតួកគី និងបានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ Alican ក្នុងប្រទេសតួកគី ។ ស្រដៀងគ្នានេះ បេសកជនពិសេសរបស់ប្រទេសតួកគីទទួលបន្ទុកទំនាក់ទំនងជាមួយប្រទេសអាម៉េនី លោក Serdar Kilic បានបង្ហោះរូបភាពរបស់ឡានដឹកទំនិញដែលកំពុងឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ Alican នៅលើបណ្តាញសង្គម Twitter ដោយបានថ្លែងអំណរគុណ និងចងចាំជានិច្ចនូវជំនួយដ៏សប្បុរសរបស់ប្រជាជនអាម៉េនី ក្នុងគោលបំណងជួយសម្រាលទុក្ខលំបាករបស់ប្រជាជនតួកគីនៅក្នុងតំបន់ដែលកំពុងរងគ្រោះដោយសារតែគ្រោះរញ្ជួយដីនៅក្នុងប្រទេសទួកគី ។ កាលពីឆ្នាំមុន មេដឹកនាំនៃប្រទេសទាំងពីរ បានជួបសំណេះសំណាលគ្នាក្រៅផ្លូវការអំឡុងកិច្ចប្រជុំកំពូលអឺរ៉ុបមួយ និងបន្ទាប់ពីកិច្ចប្រជុំដោយរដ្ឋមន្ត្រីការបរទេសនៃសមភាគីទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែងជាមួយគ្នា ដើម្បីដោះស្រាយរាល់បញ្ហាជម្លោះជាច្រើនទសវត្សរ៍ ។
សូមរំលឹកថា រដ្ឋធានីអង់ការ៉ា មិនមានទំនាក់ទំនងការទូត ឬពាណិជ្ជកម្មណាមួយ ជាមួយប្រទេសអាម៉េនីឡើយ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ បន្ទាប់ពីអាម៉េនីចោទប្រកាន់ថា ប្រជាជនអាម៉េនីជាង ១លាននាក់ត្រូវបានសម្លាប់ដោយចក្រភពអូតូម៉ង់កាលពីឆ្នាំ ១៩១៥ ដែលបច្ចុប្បន្នជាប្រទេសតួកគី ៕