ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដឹកនាំដោយលោកឌី ភីរុណ ប្រធាននាយកដ្ឋានប្រតិបត្តិការ អញ្ជើញជួបអាជ្ញាធរស្រុកសាលាក្រៅ ដឹកនាំដោយលោកសោ សុវណ្ណ អភិបាលរងខេត្តតំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិន នឹងស្រុកកំរៀង ដឹកនាំដោយលោក ស៊ិន ណាវុធ អភិបាលរងស្រុក ប្រជុំបែងចែកការគ្រប់គ្រងអំពីការចុះបញ្ជីបោះឆ្នោតរវាងខេត្តប៉ៃលិន នឹង ខេត្តបាត់ដំបង។
លោកឌី ភីរុណ ប្រធាននាយកដ្ឋានប្រតិបត្តិការនៃគណះកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា៖កិច្ចប្រជុំនៅពេលនេះគឺដើម្បីសម្របសម្រួល និងកំណត់ការិយាល័យបោះឆ្នោតរវាងប្រជាពលរដ្ឋស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងប្រជាពលរដ្ឋស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងការបែងចែកបញ្ជីចុះឈ្មោះបោះឆ្នោតនៅតាមភូមិសាស្រ្តនិងតំបន់នីមួយៗរបស់ខ្លួនអោយបានទាន់ពេលវេលា ។ លោកលើកឡើងថា៖ដោយមានការប្រែប្រួលព្រំប្រទល់ខេត្តទាំងពីរវាងខេត្តប៉ៃលិននិងបាត់ដំបង ដោយរាជរដ្ឋាភិបាលសម្រេចកាត់ព្រំទល់មួយចំនួនទៅអោយខេត្តប៉ៃលិន ដូច្នេះក្រុមការងារក៍បានប្រជុំដើម្បីសម្រេចទៅលើភូមិ ឃុំ ការិយល័យបោះឆ្នោតពាក់ព័ន្ធមុនពេលបិទផ្សាយបញ្ជីបោះឆ្នោតដំបូងគឺបិទផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។លោកបន្តថា៖ដើម្បីប្រព្រឹត្តិដោយត្រឹមត្រូវរៀបរយ យើងត្រូវតែសំអាតបញ្ជីបោះឆ្នោតទាំងពីខេត្តអោយបានដាច់ស្រេចមានន័យថាបងប្អូនប្រជាពលរដ្ឋណាខ្លះដែលត្រូវដកចេញពីការិយាល័យផ្ទេទៅអោយខេត្តប៉ៃលិនអោយបានច្បាស់ ងាយស្រួលក្រុមការងារបង្កើតការិយាល័យបោះឆ្នោតថ្មី។ ទន្ទឹមនឹងនេះលោកក៍បានស្នើរដល់អាជ្ញាធរស្រុកសាលាក្រៅ និងស្រុកកំរៀងត្រូវសហការគ្នាទៅវិញទៅមកដើម្បីដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើងអំពីប្រពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត នៅដែនដីសមត្ថកិច្ច ណាពិតប្រាកដ។
លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិនតំណាងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ជំរុញដល់អាជ្ញាធរស្រុកសាលាក្រៅ និងអាជ្ញាធរស្រុកកំរៀង ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីការចុះឈ្មោះបោះឆ្នោតអោយបងប្អូនប្រជាពលរដ្ឋអោយយល់កាន់ច្បាស់ពីនិតិវិធីផ្សេងៗ ដែលគណៈគម្មាធិការជាតិរៀបចំការបោះឆ្នោតបានណែនាំ ជាពិសេសត្រូវអោយពួកគាត់ទៅពិនិត្យឈ្មោះខ្លួនឯង នៅតាមភូមិសាស្រ្តរបស់ខ្លួន អោយបានច្បាស់លាស់មុនទៅនឹងដំណើរការ ការងារបោះឆ្នោត។ លោកលើកឡើងថា៖ការបែងចែកការគ្រប់គ្រងអំពីការចុះបញ្ជីបោះឆ្នោតរវាងខេត្តប៉ៃលិន នឹង ខេត្តបាត់ដំបងពិតជាមានសារៈសំខាន់ណាស់ដល់បងប្អូនប្រជាពលរដ្ឋ ម្នាក់ៗក្នុងការសម្រេចចិត្តអោយបានច្បាស់លាស់ និងដើម្បីបំពេញ កាព្វកិច្ចរបស់ខ្លួន ជាពិសេសបង្ហាញអោយឃើញច្បាស់អំពីដែនដីសមត្ថកិច្ចរៀងៗខ្លួនក្នុងការបោះឆ្នោតផងដែរ។ទន្ទឹមនឹងនេះលោកក៍បានស្នើរដល់អាជ្ញាធស្រុកសាលាក្រៅ និងអាជ្ញាធរស្រុកកំរៀងត្រូវតែបង្កើត គណៈគម្មាធិការមួយ ដើម្បីចុះសិក្សាស្រាវជ្រាវអំពីបញ្ហាប្រពលរដ្ឋណាដែលត្រូវបោះឆ្នោតនៅភូមិសាស្រ្តណាពិតប្រាកដ ងាយស្រួលដល់គណៈគណកម្មាធិការជាតិរៀបចំការបោះឆ្នោតបិទផ្សាយអំពីការចុះបញ្ជីបោះឆ្នោតនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ខាងមុខនេះរួចជាការស្រេច៕