ថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម គង់ ដួង ទីប្រឹក្សាក្រសួងព័ត៌មាន ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ឯកឧត្តម គោស៊ុម ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី ទី សុខា មេបញ្ជាការទិសទី៣ប៉ៃលិន-សំឡូត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា និងអធិការកិច្ច សរុបជិត ១០០នាក់ បានអញ្ជើញចុះជួយប្រមូលផលដំឡូងមីរបស់ប្រជាពលរដ្ឋនៅក្នុងភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជាំទឹករយៈពេលយូរ ប្រឈមនឹងការរលួយខូចអស់ ប្រសិនបើប្រមូលផលមិនទាន់ពេលវេលា។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានមានប្រសាសន៍ថា នៅក្នុងខេត្តប៉ៃលិនមានផ្ទៃដីដាំដំឡូងមី ដែលមានសណ្ឋានទំនាបៗ ទទួលរងការជាំទឹកភ្លៀងសរុបមានចំនួន ៣៦ហិចតា។ ដោយសារមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃ ធ្វើឲ្យដីចម្ការដំឡូងដែលមានសណ្ឋានទាបៗទាំងនោះ ត្រូវបានជន់លិច និងបៀមទឹកមកជាច្រើនថ្ងៃ ធ្វើឲ្យមើមដំឡូងមីរលួយអស់មួយចំនួន។ ដូច្នេះប្រជាកសិករយើងត្រូវបង្ខំចិត្តដកដំឡូងដែលមិនទាន់រលួយឲ្យបានឆាប់រហ័ស ទោះបីដំឡូងមិនទាន់គ្រប់អាយុត្រូវដកក៏ដោយ ជៀសវាងការរលួយមើមដំឡូងអស់ទាំងស្រុង។ លោកបានមានប្រសាសន៍បន្តទៀតថា ដោយមានការណែនាំពីលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយយុវជន ស ស យ ក ខេត្ត ចុះជួយប្រមូលផលដំឡូងមីជូនប្រជាពលរដ្ឋក្នុងភូមិ ផ្ទះស្បូវ ដែលមានជីវភាពខ្សត់ខ្សោយ ខ្វះលទ្ធភាពក្នុងការប្រមូលផលដំឡូងឲ្យបានឆាប់រហ័ស ទាន់ពេលវេលា។
ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងជាអនុប្រធានយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍ថា ក្នុងឆ្នាំនេះ ខេត្តប៉ៃលិនទទួលរងទឹកភ្លៀងជាច្រើនថ្ងៃជាប់ៗគ្នា ដូចបណ្ដាលខេត្តដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ក៏ប៉ុន្តែមិនបានបង្កជាទឹកជំនន់ខ្លាំងក្លាដូចឆ្នាំកន្លងទៅនោះឡើយ។ ទោះជាយ៉ាងនេះក្តី ទឹកភ្លៀងក៏ធ្វើឲ្យ ចំការដំណាំរបស់ប្រជាពលរដ្ឋដែលនៅតំបន់ទំនាបៗជាច្រើន នៅក្នុងឃុំស្ទឹងត្រង់ ក្នុងស្រុកសាលាក្រៅ ទទួលរងការខូចខាត ដោយសារតែនៅជាំទឹកយូរធ្វើឲ្យរលួយមើមដំឡូង។ ឯកឧត្តមបានមានប្រសាសន៍បន្តថា លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន តែងតែណែនាំដល់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋានមន្ទីរជំនាញ ត្រូវយកចិត្តទុកដាក់ នឹងចុះដល់មូលដ្ឋានប្រជាពលរដ្ឋឲ្យបានជាប្រចាំ ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងជួយដោះស្រាយបញ្ហា ជូនពួកគាត់ឲ្យបានទាន់ពេលវេលា។ ជាក់ស្ដែងនៅខណៈពេលនេះ ស្របពេលដែលប្រជាពលរដ្ឋកំពុងមានការលំបាកខ្វះខាតនូវកម្លាំងពលកម្មក្នុងការប្រមូលផលដំឡូមីដែលជាំទឹក អោយបានទាន់ពេលវេលា, លោកជំទាវ បាន ស្រីមុំ បានណែនាំឲ្យថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋាន ដឹកនាំយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មន្ទីរជំនាញ ចុះជួយប្រមូលផលដំឡូងជូនប្រជាពលរដ្ឋយើងឲ្យបានទាន់ពេលវេលា ជៀសវាងការខូចខាតទាំងស្រុងនៅពេលខាងមុខ។
សូមបញ្ជាក់ថា: ក្នុងរយៈពេលពេញមួយថ្ងៃនៃការចុះជួយដកដំឡូងមីជូនប្រជាពលរដ្ឋនៅក្នុងភូមិផ្ទះស្បូវនេះ ក្រុមការងារអនុវត្តបានចំនួន ២ហិចតា ជូនប្រជាពលរដ្ឋចំនួនពីរគ្រួសារ។ ប្រជាពលរដ្ឋ សំដែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារទាំងអស់ ដែលបានចុះជួយដល់ពួកគាត់ ដែលកំពុងជួបការលំបាកក្នុងការប្រមូលផលដំឡូងមី ដែលកំពុងជាំទឹកនេះ៕