រាជធានីភ្នំពេញ ៖ ក្រោយដឹងថា បាល់ទាត់នារីកម្ពុជា មានចំណាត់ថ្នាក់នៅក្នុង FIFA ជាលើកដំបូង អ្នកស្រីពុធ ធីតា សមាជិកគណៈកម្មាធិការប្រតិបត្តិ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់នារី បង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង និងបានចាត់ទុកថា នេះ គឺជាសញ្ញាវិជ្ជមានមួយដែលពិភពលោកទទួលស្គាល់ពីសមត្ថភាពកីឡាការិនីកម្ពុជា ហើយក៏ជាការបង្ហាញនូវលទ្ធផលល្អ នៃការប្រឹងប្រែងរបស់ក្រុមបាល់ទាត់នារីកម្ពុជា ផងដែរ។
អ្នកស្រីពុធ ធីតា ឱ្យដឹងថា ចំណាត់ថ្នាក់បាល់ទាត់នារីកម្ពុជា គឺ១៣៣ ល្អជាងសិង្ហបុរី និងទីម័រខាងកើត ក្នុងចំណោមប្រទេសដែលមានចំណាត់ថ្នាក់បាល់ទាត់នារីទាំង១៨៥ប្រទេស។ ដោយឡែក បាល់ទាត់នារីឡាវ មានចំណាត់ថ្នាក់ ៨៥ខ្ពស់ជាងកម្ពុជា។ គ្រាន់តែឃើញ ចំណាត់ថ្នាក់បាល់ទាត់នារីកម្ពុជាភ្លាម អ្នកស្រីសប្បាយចិត្តណាស់ ។ ចំណាត់ថ្នាក់នេះ បង្ហាញពីភាពរីកចម្រើន នៃបាល់ទាត់នារីកម្ពុជា ។ នៅពេលយើងមានចំណាត់ថ្នាក់ FIFA មានប្រទេសជាច្រើនស្គាល់យើង ហើយក៏ជាការលើកតម្កើងបាល់ទាត់យើងផងដែរ។ បើទោះជាកម្ពុជាយើងតូចមែន ប៉ុន្ដែវិស័យកីឡាបាល់ទាត់យើងមានគ្រប់ផ្នែក។
លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា បាននិយាយថា ការបានចំណាត់ថ្នាក់របស់ក្រុមនារីនៅក្នុង FIFA គឺជាការសម្រេចគោលដៅ ដែលរំពឹកទុកពីមុន។ អ្វីដែលរំពឹងទុកសម្រាប់ឆ្នាំ២០២២ គឺបានចំណាត់ថ្នាក់ ទទួលស្គាល់ដោយ Asean Football Federation (AFF) និង FIFA។ គ្រូបង្វឹករូបនេះ បន្ថែមថា ការមានចំណាត់ថ្នាក់ គឺជះឥទ្ធិពលវិជ្ជមានច្រើន ដូចជាការគាំទ្រ និងការចាប់អារម្មណ៍ ពីប្រជាជនក្នុង និងក្រៅប្រទេស ។ លោក ប្រាក់ វុទ្ធី ក៏បានប្រាប់បន្ថែមពីផែនការបន្ទាប់ទៀត គឺការពង្រឹង ធ្វើយ៉ាងណាឲ្យបាល់ទាត់នារីប្រសើរឡើងជាងនេះ។ ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងពង្រឹងសមត្ថភាពកីឡាការិនីបន្ថែម ដើម្បីទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងនេះ។
គួរបញ្ជាក់ថា FIFA បានគិតពិន្ទុសម្រាប់ក្រុមបាល់ទាត់នីមួយៗ ទៅតាមលក្ខណៈវិនិច្ឆ័យ ដូចជា លទ្ធផលនៃការប្រកួតរបស់ជម្រើសជាតិនារីឈុតធំ, លទ្ធផលប្រកួតក្នុងដី, ក្រៅដី និងទឹកដីកណ្ដាល, ភាពផ្សេងគ្នារបស់គ្រាប់បាល់ និងគ្រាប់បាល់ដែលរកបាន, លក្ខណៈពិសេសនៃការប្រកួត និងភាពផ្សេងគ្នានៃក្រុមជាគូប្រកួតជាដើម ៕